Top News

មួយសប្តាហ៍នៃឆ្នាំថ្មីនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន ២០ទីតាំង លើ៨ រាជធានី ខេត្ត..

 


ភ្នំពេញ៖ លទ្ធផលរយៈពេលមួយសប្ដាហ៍នៃឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសង សរុបបាន ២០ទីតាំង នៅ៨រាជធានី ខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃ ពោលគឺ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ 


លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ជាលទ្ធផលរួមនៃការបង្ក្រាប ២០ទីតាំងនេះ មានជនល្មើសត្រូវបានឃាត់ខ្លួន ២៣នាក់ លើការបង្ក្រាប ១១ទីតាំង កើតឡើងនៅ ៦រាជធានីខេត្ត ដែលបានបញ្ជូនជនសង្ស័យ ទៅតុលាការចំនួន ២៣នាក់។ ក្រៅពីនេះក៏មាន វិធានការរដ្ឋបាលចំនួន ៩ករណី ដែលមានជនសង្ស័យសរុបចំនួន ៩នាក់ ត្រូវបានចាត់វិធានការតាមវិធានរដ្ឋបាលគឺ អប់រំ ណែ នាំ និងធ្វើកិច្ចសន្យាបញ្ឈប់។ 

បន្ថែមពីលើបញ្ហាអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះ ការបង្ក្រាបល្បែងស៊ីសងគឺ ជាវិធានការដ៏ក្តៅគគុកមួយផងដែរ ពីលើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានា ដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។ 

ក្រោមទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កំណែទម្រង់ជាច្រើន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេសគឺ ការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ដែលឈានដល់ការបញ្ចប់មុខតំណែងតួនាទី បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌលើមន្ត្រីនគរបាលមួយចំនួន ក្នុងនោះ មានមន្ត្រីមួយចំនួន ត្រូវបានចាត់វិធានការដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង»៕








Post a Comment

Previous Post Next Post

Kdaily-news ads