Top News

អង្គការសង្គមស៊ីវិល២០ស្ថាប័ន រៀបចំវេទិកាលើកកម្ពស់ ការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាតិ.. អង្គការសង្គមស៊ីវិល២០ស្ថាប័ន រៀបចំវេទិកាលើកកម្ពស់ ការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាតិ..
ភ្នំពេញ៖បណ្តុំអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ប្រមាណ២០ស្ថាប័ន រៀបចំកម្មិធីវេទិកាសាធារណៈថ្នាក់ជាតិ ស្តីពី«ការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាតិឆ្នាំ២០២៤ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥» ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា យល់ឃើញថា ជោគជ័យនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ចាំបាច់ត្រូវផ្ដល់ លទ្ធភាពទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមចំណែកចាប់តាំងពីផ្តើមការកសាង ផែនការ ការកសាងថវិកាទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ រហូតដល់ទីបញ្ចប់នៃការអនុវត្តថវិកា ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។


លោកថា ការបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច រួមមាន ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាស្រុក-ខណ្ឌ-ខេត្ត ឲ្យយល់និងចេះរៀបចំគម្រោងថវិកា យល់ដឹងពីការចំណាយថវិការបស់ថ្នាក់ក្រោមជាតិ គឺជាការចាំបាច់ ហើយក៏ត្រូវឲ្យតួអង្គទាំងនោះ យល់ថា ថវិកាដែលយកមកចំណាយនេះ គឺបានមកពីប្រជាពលរដ្ឋ ដែលជាអ្នកមានបន្ទុកពន្ធ ហើយយើងជាអ្នកចំណាយ ចាំបាច់ត្រូវផ្ដល់ជូនប្រជាពលរដ្ឋវិញនូវលទ្ធផល បើនិយាយឲ្យខ្លី គឺ ផ្តល់ព័ត៌មានសមិទ្ធកម្មថវិកាជូនពួកគាត់។


លោកថ្លែងថា៖«ទោះក្នុងកាលៈទេសៈណាក៏ដោយ យន្តការនៃការចូលរួមចំណែកនេះ ត្រូវចាំបាច់អនុវត្ត ឲ្យបានសមស្របទៅតាមច្បាប់ទាំងឡាយជាធរមាននៅកម្ពុជា ជាពិសេស ច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ ហើយក៏ត្រូវមានកិច្ចសហការជា មួយនឹងអាជ្ញាធរមានសមត្ថកិច្ចផងដែរ»។ 


លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការ វេទិកានៃអង្គការតម្លាភាពកម្ពុជា ថ្លែងថា ជារៀងរាល់ឆ្នាំ ក្រុមអង្គការសង្គមស៊ីវិល បានរួមគ្នាអនុវត្ត កិច្ចការ និងសកម្មភាពសំខាន់តាមផែនការសកម្មភាពរបស់ខ្លួន។ តួរយ៉ាងអង្គការតម្លាភាពកម្ពុជាបាន ដឹកនាំក្នុងការវិភាគលើច្បាប់ថវិកាជាតិប្រចាំឆ្នាំ ដែលផ្ដោតលើការវិភាជទាំងចំណូល និងចំណាយ ពាក់ ព័ន្ធវិស័យអាទិភាពសំខាន់ៗដូចជាវិស័យអប់រំ កិច្ចគាំពារកុមារ យេនឌ័រ សុខភាព បរិស្ថាន ធនធានធម្ម ជាតិ ដើម្បីផ្ដល់ជាធាតុចូលក្នុងបង្កើតច្បាប់ថវិកាជាតិជាប្រចាំឆ្នាំ។ 


លោកថ្លែងថា៖«យើងបានផលិតឯកសារព័ត៌មាន ថវិកាសម្រាប់ប្រជាពលរដ្ឋ (Citizen Budget) ដើម្បីចូលរួមផ្សព្វផ្សាយក្នុងគោលបំណងឱ្យដំណើរការ ថវិកាកាន់តែមានតម្លាភាព»។


លោកស្រី ភាណ សោភ័ណ នាយិកាប្រចាំប្រទេស នៃអង្គការអុកស្វាមកម្ពុជា ថ្លែងថា អង្គការអុកស្វាមមានសេចក្តីរីករាយយ៉ាងខ្លាំងដោយបានសហការ និងគាំទ្រទាំងបច្ចេកទេសក្នុង ការពង្រឹងសម្ថភាព និងហិរញ្ញវត្ថុដល់ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់ការចូលរួម របស់ពលរដ្ឋក្នុងការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយះក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិល ដែលមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ជាលេខាធិការដ្ឋាន បានចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្ម ការទី២នៃរដ្ឋសភា និងដៃគូអភិវឌ្ឍន៍ ក្នុងការជម្រុញឲ្យកាន់តែមានតម្លាភាពបន្ថែមទៀតក្នុងដំណើរការរៀបចំ និងអនុវត្តថវិកាដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។


លោកស្រីថ្លែងថា៖«អង្គការអុកស្វាមគាំទ្រដល់សកម្មភាពកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការងារកែទម្រង់គោលនយោបាយ និងការអនុវត្តប្រកបដោយតម្លាភាព និងគណនេយ្យភាព ដោយមានការចូលរួមពីសង្គមស៊ីវិល ពលរដ្ឋ និងផ្តល់អាទិភាពចំពោះក្រុមជនដែលងាយរងគ្រោះ ជាពិសេសស្ត្រី តាមរយៈការបង្កើនការកៀគរ ចំណូលប្រកបដោយប្រសិទ្ធភាព និងសមធម៌ ជាមួយការវិនិយោគសាធារណៈលើវិស័យសង្គម ដែល មាន៖ វិស័យសុខភាព អប់រំ និងការគាំពារសង្គមជាដើម។»


លោកស្រី ឈុន ដាលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា បានថ្លែងលើកឡើងពីវឌ្ឍនភាពសំខាន់ៗ នៃតម្លាភាពថវិកានៅកម្ពុជារួមមាន ការផ្សព្វផ្សាយឯកសារពាក់ព័ន្ធ និងដំណើរការរៀបចំថវិកា និងការអនុវត្តថវិកានៅលើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាន់ពេល។ ព្រមទាំងរៀបចំខ្លឹមសារប្រតិបត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំជាដើម។ 


លោកស្រីបញ្ជាក់ថា លទ្ធផលនៃការអង្គេតបើកចំហរថវិកាឆ្នាំ២០២៣ ដែលរៀបចំដោយ អង្គការដៃគូថវិកាអន្តរជាតិ  ក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពល្អរបស់ប្រទេសកម្ពុជា ដោយទទួលបានពិន្ទុចំនួន ៤៣ មានការកើនឡើងប្រហាក់ប្រែល និងពិន្ទុជាមធ្យម ចំនួន ៤៥ ក្នុងចំណោមប្រទេសដែលចូលរួមក្នុងការអង្គេត៕
Post a Comment

Previous Post Next Post

Kdaily-news ads