ជនជាតិដើមភាគតិច នៅភ្នំរដាង នៃខេត្តមណ្ឌលគិរី ធ្វើពិធីសែនព្រេនដល់ម្ចាស់ទឹកដី អារុក្ខអារក្សអ្នកតា ក្រោយក្នុងភូមិមានកើតហេតុភេទចម្លែក
មណ្ឌលគិរី៖ ប្រជាពលរដ្ឋមានកំណើតជាជនជាតិដើមភាគតិចជិត ១០០នាក់ បាននាំគ្នាប្រមូលផ្តុំលើភ្នំរដាងដើម្បីរៀបចំពិធីសែនព្រេនដល់ម្ចាស់ទឹកដីអារុក្ខអារក្សអ្នកតាសុំសេចក្តីសុខឡើងវិញ ក្រោយក្នុងភូមិរបស់ពួកគាត់មានកើតហេតុភេទចម្លែកៗ ជាពិសេសអ្នកភូមិមានជំងឺតម្កាត់នានា ថែមទាំងមានអ្នកចងកធ្វើអត្តឃាតទៀតផងនាពេកកន្លងមក។
អ្នកស្រី រឿន ហែង តំណាងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីខាងលើ បានឲ្យដឹងថា បន្ទាប់ពីមូលមតិគ្នាពីអ្នកភូមិរាប់សិបគ្រួសារ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣ នៅភ្នំរដាង ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរៀបចំពិធីសែនក្របី ស្រាពាង ជ្រូក មាន់ ថ្វាយភ្លេងប្រពៃណីវាយគង ដើម្បីថ្វាយដល់អារុក្ខអារក្សអ្នកតាម្ចាស់ទឹកដី ដែលថែរក្សាភូមិឋាននេះ ជួយឃុំគ្រងកុំឲ្យអ្នកភូមិកើតមានគ្រោះអាសន្ន។ ដ្បិតកន្លងមកក្នុងភូមិពូលូង បានកើតមានហេតុការណ៏ប្លែកៗ ឧស្សាហ៍មានមនុស្សម្នាឈឺថ្កាត់ រហូតឈានដល់មានមនុស្សចងកសម្លាប់ខ្លួនទៀតផង។ មិនត្រឹមប៉ុណ្ណោះទេ ទីតាំងអណ្តូងទឹកបុរាណនៅជើងភ្នំរដាង(ក្បាលអូរច្បារឬទឹកច្រប់) ដែលមានអាយុកាលរាប់រយឆ្នាំ ជាច្រើនតំណមនុស្ស មិនដែលរីងស្ងួតម្តងណានោះទេ សម្រាប់អ្នកភូមិប្រើប្រាស់បែរជាប្រែប្រួលពណ៌ពីថ្លាទៅខៀវយ៉ាងចម្លែក។
អ្នកស្រីបន្តថា កត្តាទាំងនេះត្រូវបានអ្នកភូមិចាប់អារម្មណ៍ថា អាចបណ្តាលមកពីសកម្មភាពមិនប្រក្រតីដែលបានកើតមានតាំងពីឆ្នាំ២០១៩ ដល់២០២០ ដែលកាលនោះ មានគ្រឿងចក្រមួយចំនួនបានចូលទៅឈូសឆាយដីព្រៃកន្លែងតំណមរបស់អ្នកភូមិលើភ្នំរដាង ក្នុងនោះបំណងហ៊ុំព័ទយកជាកម្មសិទ្ឋ។ ក្រោយមានការប្រឆាំងតវ៉ាពីអ្នកភូមិ សកម្មភាពកាប់រានដីនេះក៏ត្រូវផ្អាក ហើយមានការប្តឹងផ្តល់គ្នាឡើងតុលាការអស់ជាច្រើនឆ្នាំ មិនដឹងឈ្នះចាញ់។ បន្ទាប់ពីចាស់ទុំក្នុងភូមិបានជួបជំនុំគ្នា ក៏បានគិតគូរអំពីជំនឿពីដូនតា ដែលទីតាំងសក្ការៈរបស់ពួកគាត់រងការរំខាន បណ្តាលឲ្យអារុក្ខអារក្សអ្នកតាកើតមានការខឹងសម្បារ ទើបធ្វើឲ្យអ្នករស់នៅក្នុងភូមិជួបប្រទះបញ្ហាសុខភាព និងកើតមានរឿងជាហូរហែរ។ ដូច្នេះដើម្បីមានភាពស្ងប់ស្ងាត់ ក្នុងភូមិឋានរបស់ពួកគាត់ ទើបអ្នកភូមិរៃអង្គាសលុយ៥ម៉ឺនរៀលក្នុងមួយគ្រួសារ ទិញក្របីឡើងកមួយក្បាល ជ្រូកមួយក្បាល មាន់ និងស្រាពាងជាច្រើនទៀត រៀបចំពិធីសែនព្រេនតែម្តង។
លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ដែលបានចូលរួមក្នុងពិធីសែនព្រេនកាប់ក្របី ជាមួយជនជាតិដើមភាគតិច បានជម្រុញ និងលើកទឹកចិត្តដល់អ្នកភូមិទាំងអស់ នៅពេលមានបញ្ហាសុខភាពត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាល ហើយបើមានបញ្ហាទំនាស់នានា ត្រូវរិះរកការដោះស្រាយតាមផ្លូវច្បាប់ ដែលអាចធានាដល់សិទ្ឋិ និងអត្ថប្រយោជន៍ផ្សេងៗ។ អបិយ៍ជំនឿរបស់អ្នកភូមិ មិនត្រូវបានហាមឃាត់ដោយសាម៉ីអង្គភាពណាមួយឡើយ ពោលគឺ អ្នកទាំងអស់ មានសិទ្ឋគោរពប្រតិបត្តិទៅតាមការជឿជាក់របស់ខ្លួន។ សកម្មភាពទាំងនេះត្រូវបានលើកទឹកចិត្តពីអាជ្ញាធរ ព្រោះនេះជាការបង្ហាញពីប្រពៃណី វប្បធម៌ របៀបរស់នៅ ដែលសេសសល់តាំងពីបុរាណទៅតាមតំបន់នីមួយៗ៕
Post a Comment