ស្វាយរៀង៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៩នាក់ ក្នុងអាគារផ្ទះសំណាក់ខារ៉ាអូខេណានយ៉ាង៨៩ ស្ថិតក្នុងបុរីសមសួន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។
ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣:៣០នាទីទៀបភ្លឺ។ជនសង្ស័យទាំង ៤៩នាក់ ក្នុងនោះស្រី១២នាក់ និងមាន ៣សញ្ជាតិ (ជនជាតិវៀតណាម ៤៣នាក់ (ស្រី១១នាក់) ជនជាតិចិនតៃវ៉ាន់ ៥នាក់ ជនជាតិខ្មែរ២នាក់ (ស្រី១នាក់)។
សមត្ថកិច្ចបានរកឃើញសារធាតុញៀន ១៥.៣០៨,៧៤ ក្រាម(១៥គីឡូ ៣០៨,៧៤ ក្រាម) ក្នុងនោះមាន ថ្នាំញៀនប្រភេទ កេតាមីន ទម្ងន់ ៥៦៨៨,១៩ក្រាម (៥គីឡូ៦៨៨,១៩ក្រាម), ថ្នាំញៀនប្រភេទ អិចស្តាស៊ីទម្ងន់ ៧១៤៩,៣៤មក្រាម (៧គីឡូ១៤៩,៣៤ក្រាម), ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៤៩២,០៨ ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ១.៩៥១,៥២ ក្រាម, មេតំហ្វេតាមីន(WY)ទម្ងន់ ១៦,៣១ ក្រាម, ម្សៅចំរុះពណ៌(MDMA)ទម្ងន់ ១១,៣១ ក្រាម។
ក្រៅពីនេះ រុក្ខជាតិក្រៀម ទម្ងន់ ៣៥០,៨១មក្រាម។ សារធាតុមិនច្បាស់លាស់ ទម្ងន់ ៤២.១៤៣,១១ ក្រាម, សារធាតុគីមី ១០៣២ ក្រាម, សារធាតុគីមីផ្សំ ៥៥០០ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១៤ គ្រឿង, ម៉ាសុីនកែឆ្នៃផលិត និងម៉ាសុីនវេចខ្ចប់ រួមជាមួយឧបករណ៍សម្ភារ:មួយចំនួន, អាវុធខ្លីចំនួន ០៣ ដើម គ្រាប់ចំនួន ១៥០ គ្រាប់, លិខិតឆ្លងដែន ១៩ ក្បាល, ដកហូតរថយន្ត ៥គ្រឿង, ទូរសព្ទ័ដៃ ៤៥ គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕
Post a Comment