ប្រជាពលរដ្ឋ០២ភូមិ ចំនួនជាង ១០០ គ្រួសារ ស្នើរសុំឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ..!
ប្រជាពលរដ្ឋ០២ភូមិ ចំនួនជាង ១០០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វេីលិខិតស្នេីសុំឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដែលអសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាពបំពានច្បាប់ជាអាទិ៍។
សូមអានខ្លឹមសារទាំងស្រុងនៃលិខិតរបស់ប្រជាពលរដ្ឋ
ព្រះរាជាណាចក្រកម្ពុជាជាតិ សាសនា ព្រះមហាក្សត្រ
យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ០២ភូមិ មានចំនួនជាង ១០០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមគោរពជម្រាបជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
កម្មវត្ថុ៖ ស្នើសុំ ឯកឧត្តមអភិសន្ដិបណ្ឌិត ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដែលអសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាពបំពានច្បាប់ជាអាទិ៍។
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ឯកឧត្តមអភិសន្ដិបណ្ឌិត មេត្តាជ្រាបថា យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ មានវិវាទទំនាស់ដីធ្លី ជិត ២០ឆ្នាំមកហើយប៉ុន្តែមិនមានអាជ្ញាធរជួយដោះស្រាយនោះទេ។ ជាពិសេសគឺអាណត្តិលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីមួយចំនួនទៀត មិនអើពើដោះស្រាយបញ្ហាជូនយើងខ្ញុំ បែរជាឃុបឃិតគ្នាអោយតំណាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិដែលមានលោក ឳក សុផាន រួមទាំងបក្ខពួក ឃុបឃិតគ្នាដើរធ្វើទុក្ខបុកម្នេញគំរាមសម្លុត និងចាប់ប្រជាពលរដ្ឋដាក់គុកជាហូរហែ ដោយមិនឲ្យយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅបានសុខនោះឡើយ។
មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តបានរៀបចំអោយលោក សេង ចាន់ឌី មេភូមិចាន់គិរី យកដីរបស់យើងខ្ញុំជាប្រជាពលរដ្ឋទៅលក់ឲ្យទៅអ្នកផ្សេងៗ ធ្វើមាន ធ្វើបាន តាមតែទំនើងចិត្ត ហើយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះរៀបចំ សម្របសម្រួលដោះស្រាយដើម្បីបញ្ចប់វិវាទ រវាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ជាមួយប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលជាងពីរទសវត្សនៅលើទីតាំងដីទំហំ១៧២ហិកតា។ ក្រោយពេលដែលមានលិខិតនេះរួចមក ក៏មានប្រជាពលរដ្ឋចូលរួមធ្វើការដោះស្រាយ ប៉ុន្តែការដោះស្រាយនេះពុំមានភាពយុត្តិធម៌ និងតម្លាភាពនោះទេ ខាងខេត្តបានចាត់តាំងតំណាង សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិឲ្យយើងខ្ញុំជាប្រជាពលរដ្ឋបែងចែកដីដែលយើងខ្ញុំកំពុងរស់នៅជាពីរចំណែក ជាមួយពួកគាត់ ទៅតាមទំហំដីជាក់ស្ដែងរបស់យើងខ្ញុំ។ ការដោះស្រាយមួយបែបទៀត គឺឲ្យប្រជាពលរដ្ឋធ្វើលិខិតសះជាជាមួយពួកគាត់ ហើយតម្រូវអោយបង់លុយទៅ សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ក្នុង១ម៉ែត្រការ៉េ ១០ដុល្លារ ទៅ ១២ដុល្លារ តាមទំហំដីកាន់កាប់ជាក់ស្ដែង ដោយសន្យានឹងចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ចំពោះប្រជាពលរដ្ឋដែលមិនព្រមបែងចែកដីរបស់ខ្លួនជា២ចំណែកជាមួយខាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ឬមិនព្រមបង់លុយក្នុង១ម៉ែត្រការេ ពី ១០ដុល្លារ ទៅ ១២ដុល្លារនោះ គឺត្រូវបានអាជ្ញាធរខេត្តលោក ង៉ោ ម៉េងជ្រួន និងបក្ខពួក គំរាមសម្លុត ប្ដឹងទៅតុលាការ ចាប់ដាក់គុកជាហូរហែរហូតដល់បច្ចុប្បន្ន។ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានបង់លុយឲ្យទៅខាងអាជ្ញាធរខេត្ត និងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិរួចរាល់ អស់រាប់ពាន់ រាប់ម៉ឺនដុល្លារ ក្នុងអាណត្តិអភិបាលខេត្តលោក អ៊ុំ រាត្រី នេះ គឺនៅពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់តាមការសន្យាអាជ្ញាធរខេត្តនៅឡើយទេ។
ពាក់ព័ន្ធនឹងវិវាទខាងលើនេះ យើងខ្ញុំប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃ ហើយក្រសួងបានចុះសិក្សាស្រាវជ្រាវអំពីបញ្ហាវិវាទខាងលើនេះ ដោយឡែកមានមនុស្សក្រុមបានមកបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យទៅដកពាក្យបណ្ដឹងចេញពីក្រសួងមហាផ្ទៃនិងឲ្យផ្ដិតមេដៃលើលិខិតសះជាដោយសន្យាថានឹងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ។
Post a Comment