Top News

តុលាការសម្រេចឲ្យស្រ្តី ប៉ាវ សុផលនិងបក្ខ ពួកឈ្មួញដីទួន ចន្ទ្រា ចាកចេញពីដីកម្មសិទ្ធិលោកមឿង សុន



តុលាការសម្រេចឲ្យស្រ្តី ប៉ាវ សុផលនិងបក្ខ ពួកឈ្មួញដីទួន ចន្ទ្រា ចាកចេញពីដីកម្មសិទ្ធិលោកមឿង សុន 

ខេត្តព្រះវិហារ ៖ ប្រធាន និងជាចៅក្រមសាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ បានចេញដីកាសម្រេចឲ្យអ្នកចាំដីឈ្មោះប៉ាវ សុផល ភេទស្រី អាយុ៤៧ឆ្នាំ ជាបក្សពួករបស់ឈ្មួញដីទួន ចន្រ្ទា ដែលកំពុងជាប់ឃុំក្នងពន្ធនាគារ ចាកចេញពីដីកម្មសិទ្ធិលោកមឿង សុន នៅភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន បន្ទាប់ទាញហេតុផលកាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមក ។


យោងតាមដីការសម្រេចចាត់ចែងបណ្តោះអាសន្ន ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក យុត ពន្លឺ ប្រធាន និងជាចៅក្រមសាលាដំបូងខេត្តព្រះវិហារ បានចេញសម្រេច ហាមឃាត់ឈ្មោះ ប៉ាវ សុផល មិនឲ្យប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃដីជិត១៦ហិកតា ដែលជាកម្មសិទ្ធិស្របច្បាប់របស់លោកមឿង សុន នៅភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។


កន្លងមក ទំនាស់ធ្លីទំហំជិត១៦ ហិកតា រវាងលោកមឿន សុន និង ឈ្មួញដីឈ្មោះទួន ចន្ទ្រា ប្តឹងផ្តល់គ្នាដល់សាលាឧទ្ទណ៍ខេត្តត្បូងឃ្មុំ ហើយសាលាឧទ្ទណ៍ខេត្តត្បូងឃ្មុំបានចេញដីការក្សាការពារមិនឲ្យឈ្មួញដីឈ្មោះទួន ចន្ទ្រា មិនឲ្យប្រើប្រាស់ និង អាស្រ័យផលលើដីរបស់លោកមឿង សុន ដោយរង់ចាំការសម្រេចសេចក្តីរបស់តុលាការលើបណ្តឹងអង្គសេចក្តីជាមុនសិន។


តាមអំណាចដីការបស់សាលាឧទ្ធណ៍ត្បូងឃ្មុំ លោក សាយ ណូរិទ្ធិ ចៅក្រមទទួលបន្ទុកអនុវត្តន៍នៃសាលាដំបូងខេត្តព្រះវិហារ អមដោយលោកខែម អម្រឹត ជាក្រឡាបញ្ជី បានចុះទៅអនុវត្តបញ្ចប់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលរបស់ឈ្មួញដីទួន ចន្ទ្រា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ រួចហើយ។ ប៉ុន្តែ ស្រ្តីឈ្មោះប៉ាវ សុផល ដែលជាកម្មកររបស់ឈ្មួញដីឈ្មោះទួន ចន្ទ្រា មិនព្រមចាកចេញ ដោយយកលេសថា ចាំទារលុយថ្លៃចាំដីឲ្យលោកមឿង សុន ទៅវិញ។


សូមបញ្ជាក់ថា ស្រ្តីឈ្មោះប៉ាវ សុផល ត្រូវបានគេស្គាល់ថា ជាបក្សពួករបស់ឈ្មួញដីឈ្មោះទួន ចន្ទ្រា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ សមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវច្ឆិកា ឆ្នាំ២០២៣ ជាប់ចោទវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋ៦គ្រួសារផ្សេងទៀតនៅស្រុកគូលែនដដែល។

ទង្វើស្រ្តីឈ្មោះប៉ាវ សុផលនេះ មិនព្រមព្រមចាកចេញពីដីទំនាស់ ដោយសំអាងថា ខ្លួនចាំយកថ្លៃឈ្នួលចាំដីនេះ ពីម្ចាស់ដីដែលជួលគាត់ គឺជាល្បិចរបស់ឈ្មួញដីឈ្មោះទួន ចន្ទ្រា ដែលប្រើល្បិចដើម្បីចង់លេបយកជាកម្មសិទ្ធស្របច្បាប់របស់លោកមឿង សុន តាមរយៈការកក់លុយបន្តិច ហើយបង្កជម្លោះតែម្តង។

តាមប្រភពពីប្រជាពលរដ្ឋនៅស្រុកគូលែន បានឲ្យដឹងថា ឈ្មួញដីទួន ចន្ទ្រា មានទំនាស់ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកគូលែន និងជាមួយភាគីទំនាស់ជាច្រើនទៀត ដូចជាភាគី លោកមឿង សុន ជាដើម៕







Post a Comment

Previous Post Next Post

Kdaily-news ads