Top News

តុលាការខេត្តឧត្តរមានជ័យ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារ ក្រោយកាប់ជនរងគ្រោះ២នាក់ បណ្តាលឲ្យរបួស.!

 


តុលាការខេត្តឧត្តរមានជ័យ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារ ក្រោយកាប់ជនរងគ្រោះ២នាក់ បណ្តាលឲ្យរបួស 

(ឧត្តរមានជ័យ)៖ ជនត្រូវចោទម្នាក់ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីជននេះ ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងនោះ បានប្រើប្រាស់អំពើហិង្សាដោយចេតនា យកពូថៅ និងកាំបិតកាប់ជនរងគ្រោះចំនួន២នាក់ បណ្តាលឱ្យរងរបួសធ្ងន់។


លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានប្រាប់ថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចតាមផ្លូវកៅស៊ូក្រោយផ្សារសំរោង ស្ថិតក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ឹក វណ្ណ: ហៅ ង៉ោល អាយុ២៣ឆ្នាំ មានទីលំនៅរស់នៅភូមិ សង្កាត់ខាងលើ (ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន) បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ផាត វិសាល អាយុ១៧ឆ្នាំ មានទីលំនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ចំនួន២ពូថៅ ហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់។


ក្រោយកើតហេតុ និងមានពាក្យបណ្តឹងរបស់ជនរងគ្រោះ, កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ នាំយកមកកាន់អធិការដ្ឋានដើម្បីធ្វើការសួរនាំតាមនីតិវិធី។


ជនត្រូវចោទឈ្មោះ មឹក វណ្ណ: ហៅ ង៉ោល បានសារភាពប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៩៖១៥នាទី ក្រោយរូបខ្លួនប្រើប្រាស់សាធាតុញៀនរួច រូបខ្លួនបានជិះម៉ូតូតែម្នាក់ឯងទៅរកទិញនំ នៅតូបរបស់ឈ្មោះ ចំប៉ា។ ចៃដន្យបានឃើញឈ្មោះ ផាត វិសាល កំពុងឈរលេងជាមួយក្មេងៗផ្សេងទៀតនៅក្បែរនោះ ពេលនោះឈ្មោះ ផាត វិសាល សួររូបខ្លួនថា បងណាក់ បងឯងទៅណា? ពេលនោះដោយស្មានថាឈ្មោះ ផាត វិសាល ហៅ អា, រូបខ្លួនក៏ខឹងហើយបានជិះម៉ូតូត្រឡប់ទៅផ្ទះយកពូថៅដៃជិះម៉ូតូត្រឡប់មកវិញ ហើយកាប់ទៅលើឈ្មោះ ផាតវិសាល ចំនួន២ពូថៅ បន្ទាប់មករូបខ្លួនក៏ជិះម៉ូតូគេចចេញពីទីនោះត្រឡប់ទៅផ្ទះវិញ។


ជនសង្ស័យរូបនេះថែមទាំងបានសារភាពទៀតថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៩៖២០នាទី ក្រោយពេលរួបខ្លួនប្រើប្រាស់សារធាតុញៀនរួច រូបខ្លួនបានជិះម៉ូតូ តែម្នាក់ឯងដោយមានសៀតកាំបិត ប្រទោះនៅជាប់ម៉ូតូ ទៅលេងសួនច្បារមុខសាលាខេត្ត អង្គុយលេងនៅលើបង់ថ្មខាងកើតវេទិកា ចៃដន្យពេលនោះបានឃើញក្មេង១ក្រុម អង្គុយនៅក្រោមដើមឬស្សីក្បែររោងអ្នកតាព្រះគនេស និយាយប្រលែងគ្នាថាចង់វ៉ៃគ្នា  ឮដូច្នោះរូបខ្លួនក៏ដកកាំបិតប្រទោះដែលសៀតនៅម៉ូតូ ហើយកាន់ដើរទៅកាប់ក្មេងប្រុសម្នាក់ដែលកំពុងអង្គុយអោនចុចទូរស័ព្ទចំនួន០២កាំបិត បន្ទាប់មករូបខ្លួនក៏ត្រឡប់មកជិះម៉ូតូគេចចេញពីទីនោះឆ្ពោះទៅទិសខាងលិច សំដៅវិមានឯករាជ្យ និងបន្តហួសទៅផ្ទះវិញ៕






Post a Comment

Previous Post Next Post

Kdaily-news ads