Top News

តំណាងកម្មករ៤ម៉ឺននាក់ដាក់ញត្តិជូនម្ចាស់ជំនួយនៅស្ថានទូតអាមេរិកដើម្បីឲ្យពិចារណាឡើងវិញចំពោះការគាំទ្រដល់អង្គការសង់ត្រាល់តំណាងកម្មករ៤ម៉ឺននាក់ដាក់ញត្តិជូនម្ចាស់ជំនួយនៅស្ថានទូតអាមេរិកដើម្បីឲ្យពិចារណាឡើងវិញចំពោះការគាំទ្រដល់អង្គការសង់ត្រាល់

ភ្នំពេញ៖ សហភាពសហជីពពន្លឺកម្មករ ដែលតំណាងឱ្យកម្មករនិយោជិត៤ម៉ឺននាក់ បានដាក់ញត្តិនៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ដើម្បីស្នើសុំនាយកអង្គការ USAID ប្រចាំកម្ពុជា គិតគូរឡើងវិញពីការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ 


អ្នកស្រី សៀ គន្ធា អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ  និងជាប្រធានសហព័ន្ធសហជីពការងារស្ត្រីកម្ពុជា បានឱ្យដឹងថា ការដាក់ញត្តិនេះគោលបំណងសំខាន់បំផុតគឺដើម្បី ឱ្យម្ចាស់ជំនួយ USAID គិតគូរឡើងវិញ អំពីកញ្ចប់ថវិការឧបត្ថម្ភដល់អង្គការសង់ត្រាល់ និងណែណែនាំឲ្យអង្គការនេះធ្វើ សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមលក្ខខន្តិក:របស់ខ្លួន ជាពិសេសឲ្យស្របតាមច្បាប់របស់កម្ពុជា។


អ្នកស្រីលើកឡើងថា របាយការណ៍សង់ត្រាល់ដែលបានចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្មករនិយោជិត នៅកម្ពុជានោះទេ ដោយរបាយការណ៍នោះបានលើកឡើងពីការរឹតត្បិត បំភិតបំភ័យ គំរាមកំហែង បៀតបៀន បិទសិទ្ធិសេរីភាពកាងារកម្មករនិយោជិតនៅកម្ពុជា ដោយសម្ភាសន៍រោងចក្រតែ១៤ ក្នុងចំណោមរោងចក្រដែលមានរហូតដល់៧០៣រោងចក្រ របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្ដរជាតិ (ILO-BFC) ។ 


អ្នកស្រីបញ្ជាក់ថា ខ្លឹមសារនៃរបាយការណ៍សង់ត្រាល់ គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរិតនយោ បាយ និងញុះញុង លាបពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅ កម្ពុជា។ 


ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការបានចុះបញ្ជិកា នៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជា ទៅលួចផ្ដល់ថវិកាដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខ ខន្តិកៈរបស់ខ្លួនថែមទៀតផង។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើនិងកំពុងបន្តធ្វើ គឺមិន បានអនុលោមតាមលក្ខខន្តិកៈ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការសមាគម និងច្បាប់ស្តីពីការងារកម្ពុជា ឡើយ។


អ្នកស្រីថ្លែងថា៖«សង់ត្រាល់គឺជាអង្គការមួយដែលចេញរបាយការណ៍មានលក្ខណៈ នយោបាយ អុជអាល បំផុសបំផុល បំបែកបំបាក់សាមគ្គី របស់សហជីពនិងសហជីព និងធ្វើការបំភាន់ ការយល់ឃើញរវាងគ្នានិងគ្នា ប៉ះពាល់ដល់ស្ថេរភាពសហជីពនៅក្នុងប្រទេសកម្ពុជា ប៉ះពាល់ដល់ការងារ និងផលប្រយោជន៍កម្មករនិយោជិតកម្ពុជាទាំងមូល។» 


តំណាងកម្មករ និយោជិត អ្នកស្រី អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ  បានបង្ហាញការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ និយោជិត និងស្នើសុំយ៉ាងទទូចដល់នាយក អង្គការUSAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើ សកម្មភាពដល់អង្គការសង់ត្រាល់ និងសូមឲ្យអង្គការសង់ត្រាល់ ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួន៕
Post a Comment

Previous Post Next Post

Kdaily-news ads