ឃាត់ខ្លួនកូនប្រុសអកតញ្ញូម្នាក់ ករណីដាល់ម្តាយបង្កើតខ្លួនឯងបណ្តាលអោយខៀវភ្នែកម្ខាង នឹងទាញដំបងបំរ៉ុងវាយបន្ថែមទៀត ព្រោះតែខឹងទារលុយមិនបាន ....
ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍អូរឬស្សី០៣ បានធ្វើការឃាត់ខ្លួនកូនប្រុសអកតញ្ញូម្នាក់ ដែលហ៊ានលើកដៃ វាយទៅលើម្តាយបង្កើតខ្លួនឯង ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្ទះលក់ដូរមួយកន្លែង តាមបណ្តោយផ្លូវលំ ក្នុងសង្កាត់អូរឬស្សីទី០៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះ ត្រូវជាម្តាយមានឈ្មោះ សុខ សុភាព ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរឥវ៉ាន់ចាបហ៊ួយស្នាក់នៅផ្ទះ១៥អឺ០ហ្សិត ផ្លូវលេខ១៦៦ ភូមិ១ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ យាន ចំណាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយម្តាយ ផ្ទះកើតហេតុ ។
បើតាមការបញ្ជាក់ពីស្ត្រីរងគ្រោះ ត្រូវជាម្តាយ បានប្រាប់អោយដឹងថា កូនប្រុសរបស់គាត់ តែងតែប្រើប្រាស់ហិ.ង្សាទៅលើក្រុមគ្រួសារជារើយៗ លុះមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ កូនប្រុសអកតញ្ញូនេះ បានដើរដោយថ្មើរជើងពីក្រៅចូលទៅក្នុងផ្ទះ នឹងបានសម្លុតទារលុយម្តាយ ប៉ុន្តែគាត់បានប្រាប់ថា «គាត់មិនមានលុយនោះទេ» ទើបធ្វើអោយកូនរូបនោះខឹងសម្បារ លើកដៃវាយទៅលើផ្ទៃមុខម្តាយ ០១ដៃ បណ្តាលអោយរងរបួសខៀវភ្នែក។ ភ្លាមៗ ជនសង្ស័យជាកូនបានរត់គេចខ្លួន ក៏មានការឆោរឡោរផ្អើលពលរដ្ឋមកជួយ ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា សមត្ថកិច្ចបានដាក់កម្លាំងក្បែរផ្ទះកើតហេតុ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ជនសង្ស័យក៏បានត្រលប់មកផ្ទះ គោលបំណងមកទារលុយពីម្តាយទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី០៣ ធ្វើការសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕
Post a Comment