គ្រឿងញៀន៣វ៉ាលិសធំៗបម្រុងដឹកឆ្លងដែនមកកម្ពុជាត្រូវសមត្ថកិច្ចថៃបង្ក្រាបបានទាន់ពេល..
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចថៃប្រចាំនៅច្រកទ្វារក្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានហៅកម្មករអូសរទេះប្រុសស្រី២នាក់សួរនាំ បន្ទាប់ពីមានសេចក្តីរាយការណ៍សង្ស័យថា មានគ្រឿងញៀនចំនួន៣វ៉ាលិសដែលគេហៅខ្លួនដឹកបម្រុងឆ្លងដែនមកកម្ពុជានាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារខាងលើ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
សេចក្ដីរាយការណ៍បានបន្ថែមថា មុនពេលកើតហេតុមានជនជាតិថៃម្នាក់បានបើករថយន្តមកចតនៅចំណតរថយន្តជិតផ្សាររោងក្លឿ ស្រុកអារញ្ញ(ថៃ) រួចហើយបានមកហៅស្ត្រីម្នាក់ជាកម្មករអូសរទេះដើម្បីដាក់វ៉ាលិសចំនួន៣នោះ។ គ្រានោះស្ត្រីជាកម្មករខ្មែរបានដើរតម្រង់ទៅរថយន្ត និងអីវ៉ាន់(វ៉ាលិស)ដើម្បីលើកដាក់លើរទេះ។ដោយឡែកម្ចាស់ទំនិញបានដើរទៅបាត់ ខណៈនោះដែរស្ត្រីកម្មករជាម្ចាស់រទេះបានលើកវ៉ាលិសម្ដងមួយៗដាក់លើរទេះ តែលើកមិនរូចក៏ហៅកម្មករប្រុសម្នាក់មកជួយលើក តែនៅតែលើកមិនរួចដដែល ក៏កើតមានការសង្ស័យបានឆែកមើលឃើញកញ្ចប់ដុំៗជាច្រើនដុំក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំការនៅក្បែរនោះមកឆែកឆេរមើល។
បន្ទាប់ពីរាយការណ៍ប្រាប់សមត្ថកិច្ចរួចរាល់ហើយ សមត្ថកិច្ចជំនាញថៃបានមកឆែកឆេរក្នុងវ៉ាលិសក៏បានឃើញគ្រឿងញៀនជាច្រើនក្នុងវ៉ាលិសនីមួយៗ ក៌បានឃាត់ខ្លួនកម្មករប្រុស ស្រីទាំង២នាក់ដើម្បីសួរនាំព័ត៌មានលម្អិតពីបញ្ហាគ្រឿងញៀនខាងលើនេះ។សេចក្ដីរាយការណ៍បានបន្ថែមទៀតថា បុរសជនសង្ស័យជាជនជាតិថៃមានប្រពន្ធជនជាតិខ្មែរ។ ដោយឡែកគ្រឿងញៀនចំនួន៣វ៉ាលិសស្មើនឹងចំនួន២០០គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ បុរសជាកម្មករជួយលើកគ្រឿងញៀនត្រូវសមត្ថកិច្ចដោះលែងមកវិញហើយ។ ចំណែកស្រ្តីជាម្ចាស់រទេះសមត្ថកិច្ចមិនទាន់ដោះលែងនៅឡើយ។ចំពោះបុរសជនជាតិថៃជាជនសង្ស័យនោះ សមត្ថកិច្ចថៃកំពុងតែស្រាវជ្រាវបន្ត៕
Post a Comment