ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១០ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ការិយាល័យជំនាញបានទទួល ពាក្យបណ្ដឹងពីឈ្មោះ ដ.ខ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង០៤និង០០នាទី ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិរោង ម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ រកឃើញជនរងគ្រោះ និងជនសង្ស័យ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងបានឃាត់ខ្លួនជន សង្ស័យឈ្មោះ ឈឿន ណយ ភេទប្រុស អាយុ១៧ឆ្នាំ ហើយនាំមកកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជន សង្ស័យបានឆ្លើយសារភាពថា រូបខ្លួន និងជនរងគ្រោះ គឺជាសង្សារនឹងគ្នា ហើយក៏បានរួមភេទជាមួយគ្នាច្រើនលើករួចមកហើយ។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កងរាជ អាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃពុធ ទី ២៣ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមាន ការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕
Post a Comment