ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងថា នាយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្រុមក្មេងទំនើងនាំគ្នាផឹកស៊ីនៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចាក់ធុងបាស់កងរំពងផ្អើលអស់អារុក្ខអារក្សអ្នកតា ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះចាប់។
ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកម្លាំងចុះឡោមព័ទ្ធចាប់ខ្លួនសង្ឃនិងគ្រហស្ថបក្ខពួកបរិវារប្រមាណ ៧នាក់ ដកហូតបានម៉ូតូ៣គ្រឿង ១.ម៉ាកNex ពណ៌ សលាយខៀវ ពាក់ស្លាកលេខកណ្តាល 1AD.6713, ២.ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1H.9956, ៣.ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1W.4614, ទូរស័ព្ទដៃចំនួន៧គ្រឿង power bank ៣គ្រឿង, កាបូបលុយ២ លុយ៥មុឺនរៀល, បារី២កញ្ចប់, ដែកកេះ៣, បៀ ១ហ៊ូ, កំរាល១ និងធុងទឹកកក១ ។
ក្រុមក្មេងទំនើងនិងសង្ឃដែលប្រព្រឹត្ដខុសវិន័យព្រះពុទ្ធសាសនានាំបរិវារផឹកស្រាក្នុងព្រៃត្រូវបានសមត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុក ចាត់ការតាមធម្មវិន័យ៖ ១- អតីតសង្ឃ ប៉ាង គឹមឈៀង អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី នៅវត្ដឃ្មួញ ភ្នំពេញ ។ ២-អតីតសង្ឃ សយ សុភក្រ្ភា អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី វត្ដកោះអណ្ដែត ភ្នំពេញ ។ ៣-អតីតសង្ឃ ម៉ុន វិច្ឆ័យ អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សានៅសាលាបាលី វត្ដលង្កា ភ្នំពេញ។
ចំណែកក្រុមបក្ខពួករបស់សង្ឃមាន ៖ ៤.ឈ្មោះ ហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុន រានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)។ ៥.ឈ្មោះ ខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលប៊ែលធី អន្តរជាតិ សាខា២៦ ព្រែកប្រា ។ ៦.ឈ្មោះ ហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)។ ៧.ឈ្មោះ មាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នធ្វើ CEO គ្រឹះស្ថានសេរីភ័ណ្ឌកំពង់ស្ពឺ ។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សំណូមពរដល់បងប្អូនកូនក្មួយ ពិសេសពុទ្ធបរិស័ទ លោកតា លោកយាយមេត្តាកុំលើកយកបញ្ហានេះមកទម្លាក់រួមលើព្រះពុទ្ធសាសនារបស់យើង នេះជាទង្វើពួកទមិឡមួយក្ដាប់តូចតែប៉ុណ្ណោះ ដែលកំពុងតែបំផ្លាញសាសនា៕
Post a Comment