ខេត្តកំពង់ចាម៖ ពិតជាគួរឱ្យអាណិតអាសូរជាពន់ពេក ដោយស្ត្រីចំណាស់ម្នាក់អាយុ៦៤ឆ្នាំ រស់នៅឃុំថ្មពូន ស្រុកព្រៃឈរ ត្រូវបានកូនប្រុសបង្កើតយកពូថៅកាប់និងវាយត្រូវក្បាលច្រើនកន្លែងបណ្ដាលឱ្យផុងលលាដ៏ស្លាប់ក្នុងថ្លុកឈាម នៅចំណុចវាលស្រែមួយកន្លែងមានចម្ងាយពីផ្ទះប្រមាណពីរគីឡូម៉ែត្រ។ ក្នុងពេលកំពុងកើតហេតុមិនមានអ្នកណាម្នាក់ហ៊ានចូលជួយនោះទេព្រោះតែឃើញជនដៃដល់មានពូថៅនៅក្នុងដៃ ហើយកូនប្រុសរូបនេះជាមនុស្សម្នាក់ញៀនថ្នាំផងដែរ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី២០វិច្ឆិកាឆ្នាំ២០២៤ថា: ហេតុការណ៍អំពើឃាតកម្មនេះបានកើតឡើងវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០វិច្ឆិកាត្រង់ចំណុចវាលស្រែមួយកន្លែងស្ថិតនៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយកូនឈ្មោះ គុយ ដុល្លា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ បានសម្លាប់ម្ដាយដោយប្រើពូថៅកាប់ជាច្រើនពូថៅទៅលើឈ្មោះជាម ពៅ ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវជាម្ដាយបង្កើត ហើយកន្លងមកកូនម្នាក់នេះតែងតែប្រមាថមាក់ងាយអាយុជីវិតម្ដាយជារឿយៗទៀតផង។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងទៀតថា នៅពេលមុនកើតហេតុស្ត្រីចំណាស់ជាម្ដាយបានធ្វើដំណើរមកមើលគេស៊ីឈ្នួលច្រូតស្រូវឲ្យគាត់ ដែលមានចម្ងាយពីផ្ទះប្រមាណ២០០០ម៉ែត្រ។ស្របពេលដែលកំពុងតែអង្គុយក្រោមដើមអំពិលហូបផ្លែមួយដើម បន្ទាប់មកស្រាប់តែកូនប្រុសបែកថ្នាំ បានមកដល់មិនបានសួរនាំអ្វីវែងឆ្ងាយនោះទេ គឺបានប្រើពូថៅកាប់លើក្បាលម្ដាយ ជាហេតុបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។សាក្សីនៅកន្លែងកើតហេតុគឺជាក្រុមអ្នកស៊ីឈ្នួលច្រូតស្រូវ ដែលឃើញហេតុការណ៍នោះមិនបានចូលទៅជួយអន្តរាគមន៍នោះទេ ព្រោះកូនប្រុសមានពូថៅក្នុងដៃ ណាមួយពួកគាត់ជាមនុស្សចាស់ទៀត។ហើយក៏បាននាំគ្នារត់ចេញពីស្រែមករាយការជូនប៉ុស្ត៏រដ្ឋបាលថ្មពូន ឲ្យបានដឹងពីករណីឃាតកម្មដែលបានកើតឡើង។ក្រោយពីទទួលបានដំណឹងនេះភ្លាមកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានសុំគោលការណ៍ពីលោកអធិការនគរបាលស្រុកព្រៃឈរ។ដោយមានកម្លាំងជាច្រើននាក់បានចុះទៅដល់កន្លែងកើតហេតុ ឃើញសព្វស្ត្រីជាម្ដាយដេកស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអធម្ម។ជាមួយនោះបានហ៊ុព័ទ្ធកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពហើយកម្លាំងមួយផ្នែកទៀត បានប្រតិបត្តិការដេញតាមប្រមាញ់កូនប្រុសជាឃាតករ ដោយចាប់បាននៅចំណុចរោងពុះអុសស្វាយចន្ទី ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រ ពីកន្លែងកើតហេតុ។ដកហូបបានពូថៅមួយហើយពូថៅនេះគឺជារបស់ម្ចាស់រោងដែលគេទុកសម្រាប់ពុះអុស ហើយក៏បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីសួរនាំ។នៅចំពោះមុខសមត្ថកិច្ចកូនប្រុសចិត្តអប្រិយជាមនុស្សបែកថ្នាំបានឆ្លើយថាមូលហេតុដែលសម្លាប់ម្ដាយដោយសុំលុយមិនបាន ទើបសម្លាប់បែបនេះ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាកន្លងមកកូនប្រុសរបស់ស្ត្រីចំណាស់នេះធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនដាក់ពន្ធនាគារចំនួនពីរលើកគឺបទចែកចាយគ្រឿងញៀន ហើយត្រូវបានដោះលែងមានសេរីភាពនៅក្រៅឃុំ ប្រមាណពីរទៅបីឆ្នាំ។តែជននេះមានសតិមិនប្រក្រតីពេលខ្លះទាមទារឲ្យម្ដាយចែកដីភូមិពេលខ្លះទៀតចង់ប្រើអំពើហិង្សាវាយលើម្ដាយ តែដោយសារម្ដាយមានមេត្តាធម៌មិនបានតបតែអ្វីចំពោះកូននោះទេសុខចិត្តសម្ងំនៅស្ងៀមរហូតទាល់តែថ្ងៃកើតហេតុ ហើយកូនម្នាក់នេះគឺជាកូនពៅគេក្នុងចំណោមបងប្អូនប្រុសបួននាក់៕
Post a Comment