កុំចេះតែហ៊ាន ! ចាប់ខ្លួនមនុស្ស ៦នាក់ ករណីស្ទាក់វាយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ
ភ្នំពេញ៖ មនុស្សចំនួន ៦នាក់ ត្រូវបានចាប់ខ្លួនករណីស្ទាក់វាយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ ព្រមទាំងវាយកម្ទេចម៉ូតូ ខណៈកំពុងចុះល្បាតក្នុងមូលដ្ឋាន។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី រំលងអាធ្រាត តាមផ្លូវលំ ស្ថិតនៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ បានចុះល្បាតតាមក្នុងភូមិសាស្រ្ត បានជួបក្មេងទំនើងមួយក្រុមមានគ្នាចំនូន៧នាក់ បានធ្វើសកម្មភាពដេញកាប់មកលើកម្លាំងសមត្ថកិច្ច និងប្រជាការពារកំពុងជិះម៉ូតូល្បាតតាមផ្លូវ ប៉ុន្តែមិនបង្កឲ្យមានរបួលធ្ងន់ធ្ងរនោះទេ។ ដោយឡែកម៉ូតូនគរបាល និងប្រជាការពារជិះធ្វេីល្បាតចំនួន៤គ្រឿង ត្រូវបានក្រុមក្មេងទំនើងទាំងនោះវាយកម្ទេចចោល។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអន្តរាគមន៍ភ្លាមៗរហូតធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះរួមមាន៖
ទី១-ឈ្មោះ សៀង លីស៉ីម ភេទប្រុស អាយុ២០ឆ្មាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។
ទី២-ឈ្មោះ ស៉ីម តូនី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។
ទី៣-ឈ្មោះ សេង គីឈុយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
៤-ឈ្មោះ ដុក ផាលាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
ទី៥-ឈ្មោះ សៀង ទិត្យរីសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។
ទី៦-ឈ្មោះ ម៉ុន ឈ័ង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ និងម្នាក់ទៀតឈ្មោះ ស៉ីម ឆវ័ន្ត ហីម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាប្រធានក្រុមដឹកនាំក្រុមបានរត់គេចខ្លួនបាត់កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន។
ជនសង្ស័យខាងលេីបានឆ្លើយថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ម៉ូតូរបស់សមត្ថកិច្ច និងប្រជាការពារនៅចំណុចកេីតហេតុខាងលេីដោយឈ្មោះ ស៉ីម តូនី (ហៅអ៉ឹង ) ជាអ្នកកាន់កាំបិតកាប់ទៅលេីម៉ូតូ០៤គ្រឿងពិតប្រាកដមែន។
Post a Comment