Top News

សង្រ្គោះជនបរទេសពីការជួញដូរ ៥៦នាក់ ខណៈមេខ្លោងជួញដូរពីរនាក់ ត្រូវបានចាប់ខ្លួន..



សង្រ្គោះជនបរទេសពីការជួញដូរ ៥៦នាក់ ខណៈមេខ្លោងជួញដូរពីរនាក់ ត្រូវបានចាប់ខ្ល.


ភ្នំពេញ៖ នគរបាលអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនជនជាតិបង់ក្លាដេសពីរនាក់ប្តីប្រពន្ធ ដោយសង្ស័យជាមេខ្លោងពាក់ព័ន្ធករណីនាំមនុស្សចេញ-ចូលឆ្លងដែនខុសច្បាប់(ការជួញដូរមនុស្សខុសច្បាប់) ខណៈជនបរទេសដែលត្រូវបានគេជួញដូរចំនួន ៥៦នាក់ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ក្នុងប្រតិបត្តិការពីរទីតាំងដាច់ដោយឡែកពីគ្នា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ 

ក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន២ទីតាំង ទី១ សណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី២ ផ្ទះសំណាក់មួយកន្លែង សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដោយបានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ដោយក្នុងនោះពីរនាក់ប្តីប្រព័ន្ធជាជនជាតិបង់ក្លាដេស ត្រូវបានសង្ស័យជាអ្នកជួញដូរមនុស្សខុសច្បាប់ ខណៈ៥៦នាក់ជាជនបរទេសដូចគ្នា តែជាជនរងគ្រោះ។ 

យោងតាមប្រភពព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើយបន្ទាប់ពីទទួលបានបណ្ដឹងអន្តរាគមន៍ ឲ្យជួយសង្គ្រោះពីជនជាតិបង់ក្លាដេសម្នាក់ តាមរយៈប្រព័ន្ធ Hotline កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ 

ជនបរទេសដែលជាជនរងគ្រោះចំនួន ៥៦នាក់នោះ មាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ហើយសម្រាប់ជនរងគ្រោះណាមិនចេះអង់គ្លេស និងកុំព្យូទ័រ នឹងត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី មួយតង់ទៀត។ 

យ៉ាងណាក៏ដោយជនរងគ្រោះជាជនបរទេសទាំង ៥៦នាក់នោះ ត្រូវបានអាជ្ញាធរកម្ពុជាជួយសង្រ្គោះទាន់ពេលវេលា ហើយបច្ចុប្បន្នជនរងគ្រោះទាំង៥៦នាក់ បានប្រគល់ឱ្យអង្គការការីតាសកម្ពុជា ខេត្តកណ្តាល ខណៈជនជាតិបង់ក្លាដេស២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕





Post a Comment

Previous Post Next Post

Kdaily-news ads