Top News

រថយន្តកូរ៉េឃ្លុបបើកបុកស្ត្រីជិះកង់ កិនអូសជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែង



រថយន្តកូរ៉េឃ្លុបបើកបុកស្ត្រីជិះកង់ កិនអូសជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែង 


ភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង សភាពខ្ទេចក្បាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកូរ៉េឃ្លុបដឹកដែក បើកបុកជនរងគ្រោះពីក្រោយកំពុងជិះកង់ អូសជាង៣០ម៉ែត្រ ។


ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


ស្ត្រីរងគ្រោះមើលតាមកាតការងារ មានឈ្មោះ រើ ប៊ុនរ៉េត អាយុ៤៧ឆ្នាំ មុខរបរ កម្មកររោងចក្រ វ៉ាយអេស មេនូហ្វេកធឺរីង មានប្តីឈ្មោះ គល់ រ៉ាវុធ អាយុ៦០ឆ្នាំ មុខរបរសន្តិសុខឯកជន មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ហុក បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុន ស្នាក់នៅភូមិ២៨គ្រួសារ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួន ។


តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះជិះកង់ដើររើសអេតចាយ តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក កូរ៉េឃ្លុប ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-7729 បើកលឿនពីត្បូងទៅជើង បុកពីក្រោយជនរងគ្រោះ អូសជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែង បែកក្បាលខ្ទេច អ្នកបើកបរ សមត្ថកិច្ចឃាត់ខ្លួនបាន ។


បើតាមសម្តីអ្នកបើកបររថយន្តបានឱ្យដឹងថា មុនកើតហេតុ គាត់ដឹកដែកទីបជ្រុង របស់ក្រុមហ៊ុន ចេញពីទីរួមខេត្តកំពត យកទៅដាក់នៅក្រុមហ៊ុន នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បើកដល់ចំណុចខាងលើជួបគ្រោះថ្នាក់បែបនេះតែម្តង ។


ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ស្រាវជ្រាវទំនាក់ទំនងទៅសាច់ញាតិ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រីឯរថយន្ត និងអ្នកបើកបរ រួមទាំងកង់មួយគ្រឿង ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕





Post a Comment

Previous Post Next Post

Kdaily-news ads