Top News

ខ្យល់ព្យុះទីហ្វុងកំណាច យ៉ាហ្ស៊ី បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មយ៉ាងដំណំ នៅក្នុងប្រទេសវៀតណាម



ខ្យល់ព្យុះទីហ្វុងកំណាច យ៉ាហ្ស៊ី បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មយ៉ាងដំណំ នៅក្នុងប្រទេសវៀតណាម


វៀតណាម៖ ខ្យល់ព្យុះទីហ្វុងឈ្មោះ យ៉ាហ្ស៊ី (Yagi) ជាប្រភេទខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ីបានបោកបក់មកលើតំបន់ភាគខាងជើងប្រទេសវៀតណាមកាលពីរសៀលថ្ងៃអាទិត្យបង្កឱ្យមានទឹកភ្លៀងធ្លាក់ខ្លំាងនំាឱ្យមានការខូចខាតរោងចក្រ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាពិសេសនៅក្នុងតំបន់ឧស្សាហកម្មនំាចេញដ៏សំខាន់មួយរបស់ប្រទេស។


បើផ្អែកតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាមបានចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបន្តទៀតថា ស្ថានភាពទឹកភ្លៀងហាក់ថមថយចុះច្រើនបើប្រៀបធៀបកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈអាជ្ញាធរត្រៀមបង្ការគ្រោះទឹកជំនន់ និងរអិលបាក់ដីអាចនឹងកើតមានឡើងបន្តទៀតចេញពីខ្យល់ព្យុះទីហ្វុងដ៏កំណាចមួយនេះ ព្រោះថា រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកហើយ ដែលគេខកខានបានឃើញសភាពបែបនេះ។


កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខ្យល់ព្យុះយ៉ាហ្ស៊ី បានបង្កឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍នៅក្នុងទីក្រុងហាណូយ មិនតែប៉ុណ្ណោះដើមឈើជាច្រើនពាន់ដើមរលំបាក់ និងបង្កវិនាសកម្មដល់ផ្ទះរបស់់ប្រជាពលរដ្ឋមួយចំនួនធំទៀត។


តាមការកាក់ស្មានជាជំហានដំបូងចេញពីរដ្ឋាភិបាលវៀតណាមនៅក្នុងរង្វង់មួយសប្តាហ៍កន្លងមក វិនាសកម្មដែលបង្កឡើងដោយសារតែខ្យល់ព្យុះ និងរអិលបាក់ដីបណ្តាលឱ្យស្លាប់មនុស្ស២១នាក់ និងរងរបួស២២៩នាក់ផ្សេងទៀត នៅក្នុងប្រទេសវៀតណាម ខណៈមនុស្ស២០នាក់ផ្សេងទៀតនៅក្នុងប្រទេសហ្វីលីពីនក៏ត្រូវគេអះអាងថា រងគ្រោះដោយសារតែមហន្តរាយធម្មជាតិនេះដែរ។


ដោយឡែកទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឯណោះវិញបានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា នៅក្នុងទីក្រុងហៃហ្វុង ជាទីប្រជុំជនមួយស្ថិតនៅតាមបណ្តោយមាត់សមុទ្ររបស់ប្រទេសវៀតណាម មានពលរដ្ឋរស់នៅប្រមាណជា ២លាននាក់ ដែលសំបូរទៅដោយរោងចក្រ និងវិនិយោគទុនជាពហុជាតិសាសន៍នៅតែបន្តបិទទ្វារតំបន់ឧស្សាហកម្មនៅឡើយកាលពីថ្ងៃអាទិត្យ ។


ទីភ្នាក់ងារឧតុនិយមថ្នាក់ជាតិវៀតណាមដដែលបានគូសបញ្ជាក់បន្តទៀតថា បន្ទាប់ពីការរអិលបាក់ដីនៅក្នុងប្រទេសវៀតណាមកាលពីរសៀលថ្ងៃសៅរ៍ ខ្យល់ព្យុះយ៉ាហ្ស៊ី បាននំានូវរលកមានកម្ពស់រហូតដល់ទៅ៤ម៉ែត្រនៅតាមបណ្តោយមាត់ឆ្នេរសមុទ្រ ខណៈតាមដងទន្លេ និងស្ទឹងមួយចំនួន ដោយរាប់បញ្ចូលទំាងទីក្រុងហាណូយ អាចនឹងប្រឈមមុខទៅនឹងគ្រោះទឹកជំនន់ទៀតផង។

រីឯអាកាសយានដ្ឋានអន្តរជាតិណយបៃ នៅក្នុងរដ្ឋធានីហាណូយវិញ បានបើកដំណើរការឡើងវិញហើយបន្ទាប់ពីបិទកាលពីថ្ងៃសៅរ៍ ដោយសារតែខ្យល់ព្យុះទីហ្វុងមួយនេះ៕






Post a Comment

Previous Post Next Post

Kdaily-news ads