ភ្នំពេញ៖ មនុស្សចំនួន ៤នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ក្រោយចុះធ្វើរដ្ឋបាល នៅអាគារបុរីកីឡា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានបទបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះធ្វើរដ្ឋបាល តំបន់ដែលមានភាពស្មុគស្មាញ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខ ដែលអាចកើតមានឡើង បង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៤នាក់ ធ្វើតេស្តរកសារធាតុញៀន រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចធ្វើការកែប្រែអប់រំបន្ត។
លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានឱ្យដឹងថា អាជ្ញាធរខណ្ឌតែងបានយកចិត្តទុកដាក់ក្នុងការចុះធ្វើរដ្ឋបាលជាប់ជាប្រចាំនៅតំបន់អាគារបុរីកីឡានេះ ព្រោះតំបន់នេះ ជាតំបន់ភូមិសាស្ត្រស្មុគស្មាញ ឧស្សហ៍កើតមានសកម្មភាពក្មេងទំនើង ជនញៀនថ្នាំ និងអំពើអសន្តិសុខមួយចំនួនដែលកើតមានឡើងទាំងពេលយប់ និងពេលថ្ងៃ បង្កជាក្តីព្រួយបារម្ភដល់ពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់អាគារមួយនេះ។
លោកអភិបាលរងបានបន្តថា បច្ចុប្បន្ន ភាពអាណាធិបតេយ្យ និងសកម្មភាពអសន្តិសុខមួយចំនួននៅតំបន់បុរីកីឡា មានភាពល្អប្រសើរឡើងច្រើនហើយ ប៉ុន្តែទោះជាយ៉ាងណាកម្លាំងអាជ្ញាធរ ក៏មិនបានបន្ធូរដៃក្នុងការមានវិធានការរដ្ឋបាលលើបញ្ហានេះឡើយ គឺនៅបន្តធ្វើកិច្ចការងារនេះ រហូតទទួលបានប្រសិទ្ធិភាពខ្ពស់ ដើម្បីជាការធានាបានសន្តិសុខល្អជូនពលរដ្ឋ ។
ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡានេះ បានសម្តែងក្តីសប្បាយរីករាយ និងពេញចិត្តបំផុតចំពោះសកម្មភាពចុះធ្វើរដ្ឋបាលរបស់ក្រុមអាជ្ញាធរ ដែលនេះជាការទប់ស្កាត់ បង្ការបានពីសកម្មភាពអសន្តិសុខនានា ដែលតែងកើតមានឡើងពីជនទំនើង ឬមុខសញ្ញាជាក្រុមជនសង្ស័យផ្សេងៗ ដែលយកតំបន់អាគារបុរីកីឡា ជាទីកន្លែងសម្រាប់ប្រព្រឹត្តិបទល្មើស ឬប្រើប្រាសគ្រឿងញៀនជាដើម។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡា។ ការចុះធ្វើរដ្ឋបាលកាលពីពេលកន្លងៗទៅ តែងតែបានប្រមូលក្រុមជនទំនើង ក្មេងញៀនថ្នាំ ជនអាណាថា ឬជនសង្ស័យមួយចំនួនដែលបានប្រព្រឹត្តិបទល្មើសលួច ឆក់ ឬគ្រឿងញៀនជាដើម ដោយបានធ្វើការដកហូតវត្ថុតាងជាច្រើនជាបន្តបន្ទាប់ និងបានឃាត់ខ្លួនមនុស្ស ហើយបានប្រើវិធានការអប់រំ រួមជាវិធានការច្បាប់៕
Post a Comment