Top News

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង ៩ម៉ឺនដុល្លា ពីសប្បុរសជននានា ក្នុងពិធីរាត្រីសមោសរ ដើម្បីសប្បុរសធម៌ អបអរសាទរខួបលើទី១៦២ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥



មណ្ឌលគិរី ៖ ថវិកាជាង ៩ម៉ឺនដុល្លាសហរដ្ឋអាមេរិក ត្រូវបានសប្បុរសជននានា ចូលរួមឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក្នុងកម្មវិធីរាត្រីសមោសរ ដើម្បីសប្បុរសធម៌ អបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និងខួបលើកទី៧០ឆ្នាំ នៃទិវាកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ចូន និងជាសមាជិកកិត្តិយសកាកបាទក្រហមកម្ពុជា ឯកឧត្តម អ្នកឧកញ្ញា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា និងសប្បុរសជនជាច្រើនរូប ដែលប្រព្រឹត្តទៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ឈួន វិន សមាជិកកិត្តិយសកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា រហូតសម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជូនជាតិ និងប្រជាជនយើង។ ឯកឧត្តម បានថ្លែងអំណរគុណ កោតសរសើរដោយស្មោះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្មគ្រ័ចិត្ត និងយុវជនសាខាកាកបាទក្រហមខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ពន្ធ័ទាំងអស់ ជានិច្ចកាល តែងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យទទួលបាននូវជោគជ័យ និងសមិទ្ធផលដ៏ធំធេង ឆ្លើយតបបានយ៉ាងស័ក្តិសម និងទាន់ពេលវេលាទៅនឹងការងារជួយសង្គ្រោះជនរងគ្រោះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលបានចូលរួមជួយគាំទ្រជាថវិកា សម្ភារៈ ស្មារតី និងបច្ចេកទេសសម្រាប់ប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី នៅគ្រប់កាលៈទេសៈ។

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤-២០២៥នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ សរុបជិត ៤០០គ្រួសារ - ផ្សព្វផ្សាយពីសុខភាពមាតា ទារក និងកុមារដល់ពលរដ្ឋតាមខ្នងផ្ទះ និងមណ្ឌលសុខភាព - បណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់យុវជន អ្នកស្ម័គ្រចិត្តមន្រ្តីបរិស្ថាន បុគ្គលិកអង្គការ សហគមន៍ និងអ្នកស្ម័គ្រចិត្តតាមភូមិ - ផ្សព្វផ្សាយការគ្រប់គ្រងគ្រោះមហន្តរាយជូនដល់ប្រជាពលរដ្ឋ - ការកាត់បន្ថយថង់ផ្លាស្ទិក សុវត្ថិភាពចរាចរណ៍ ជួសជុលទឹកស្អាតជូនប្រជាពលរដ្ឋ ផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋ ជាពិសេស បញ្ច្រាបការលើកកម្ពស់ការយល់ដឹងពីវប្បធម៌អហិង្សា និងសន្តិភាព នឹងការកាត់បន្ថយការរំលោភបំពានផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញដល់យុវជនតាមសាលា និងផ្សព្វផ្សាយគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់កងកម្លាំង យុវជន នៅតាមសាលារៀន។ ឯកឧត្តម បន្ថែមថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមជួយជ្រោមជ្រែង និងការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនទាំងអស់ ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី មានលទ្ធភាពអាចបំពេញបេសកម្មជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ នៅតាមមូលដ្ឋានបានទាន់ពេលវេលា៕










Post a Comment

Previous Post Next Post

Kdaily-news ads