អគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិចទាំងកណ្តាលថ្ងៃ បណ្តាលឱ្យខូចខាតសម្ភារស្ទើរទាំងស្រុង
ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ល្វែង បណ្តាលឱ្យខូចខាតសម្ភារអស់ស្ទើរទាំងស្រុង តែមិនរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមិនមានមនុស្សរងរបួសឡើយ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១០:៤០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៨៨ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុ ពេលនោះម្ចាស់ផ្ទះក៏បានយកទុយោទឹកបាញ់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានភាពបាន ដោយសារអណ្ដាតភ្លើងឆាបឆេះយ៉ាងលឿន។ ភ្លាមៗនោះម្ចាស់ផ្ទះបានយករថយន្តចេញពីក្នុងផ្ទះទាន់ពេលវេលា និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យមន្រ្តីជំនាញបង្ការ និងពន្លត់អគ្គីភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍។
យោងតាមន្ត្រីជំនាញបង្ការ និងពន្លត់អគិ្គភ័យ បានឲ្យដឹងថា ទំហំនៃការខូចខាតសម្ភារប្រើប្រាស់នៅក្នុងផ្ទះ អស់ស្ទើរទាំងស្រុង រួមមាន គ្រឿងធុងបាសដែលតាំងលក់ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងកើតហេតុចំនួន ២៥គ្រឿង និងប្រើប្រាស់អស់ចំនួន ២៥គ្រឿង ទើបបាញ់ពន្លត់ជាស្ថាពរ។ ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហ៊ានដំបូង អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
Post a Comment