Top News

បង្ក្រាបក្លិបកម្សាន្តមួយនៅខណ្ឌដូនពេញ ចាប់ខ្លួនមនុស្ស ៨៧នាក់ និងរកឃើញគ្រឿងញៀន ៣គីឡូក្រាម..



 បង្ក្រាបក្លិបកម្សាន្តមួយនៅខណ្ឌដូនពេញ ចាប់ខ្លួនមនុស្ស ៨៧នាក់ និងរកឃើញគ្រឿងញៀន ៣គីឡូក្រាម


ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ 

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ថា នៅម៉ោងប្រមាណ ២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ កម្លាំងបានឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត City of Starry Sky ជាអតីតក្លិបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់បានបង្ក្រាបម្តងរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែពេលនេះ ក្លិបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដដែល។

លោកឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៨៧នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូស បានកម្លាំងជំនាញកំពុងរៀបចំវេចខ្ចប់ បើតាមការប៉ាន់ស្មានប្រប្រមាណ ៣គីឡូក្រាម។ 

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាបមេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕






Post a Comment

Previous Post Next Post

Kdaily-news ads