Top News

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយលោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo និងជាប្រធានសមាគម Ningbo Leather Association



 ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយលោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo  និងជាប្រធានសមាគម Ningbo Leather Association 


រសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo (រួមមានអាជីវកម្មខាងផ្នែកកាបូប និងផលិតស្បែក ផ្លាស្ទិក និងឧបករណ៍អុបទិក) និងជាប្រធានសមាគម Ningbo Leather Association ដែលជាបណ្តុំក្រុមហ៊ុនផលិតកាបូប និងសំភារៈធ្វើដំណើរពីស្បែក និងកាបូបធ្វើដំណើរចំនួន១០៨ក្រុមហ៊ុន ជាសមាជិក និងសហការី ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Zhejiang ខេត្ត Ningbo សាធារណរដ្ឋប្រជាមានិតចិន។ 


ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ជាមួយលោក លោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo  និងជាប្រធានសមាគម Ningbo Leather Association និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានផ្តល់ការលើកទឹកចិត្ត និងការគំាទ្រដល់អ្នកវិនិយោគ។ 


ជាការឆ្លើយតប លោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo  និងជាប្រធានសមាគម Ningbo Leather Association បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីស្ថានភាពធុរកិច្ចនានារបស់ក្រុមហ៊ុនសម្ព័ន្ធ Ningbo។ លោកនាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo  ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់ប្រទេសកម្ពុជា ទើបលោក និងដៃគូរសហការផ្សេងទៀត ជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅក្នុងការវិនិយោគ។ លោក Fan Fangnian បានបន្តថាក្រុមហ៊ុនសម្ព័ន្ធរបស់លោក ក៏មានទីតាំងនៅក្នុងបណ្តាប្រទេសនៅអាស៊ី ប៉ុន្តែគាត់ចាប់អារម្មណ៍ប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាជាផ្ទះទី២របស់លោក ដោយសារគោលនយោបាយសេដ្ឋកិច្ចបើកចំហរ ទំនាក់ទំនងល្អ និងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទើបធ្វើឱ្យរូបលោក និងសម្ព័ន្ធក្រុមហ៊ុនរបស់លោក ព្រមទាំងសមាជិកសមាគមទាំងមូល មានអារម្មណ៍កក់ក្តៅក្នុងការដាក់ទុកវិនិយោគនៅកម្ពុជា។


ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងសំខាន់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ព្រមទាំងបានជម្រាបជូន អំពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដែលកើតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យអ្នកវិនិយោគមានភាពកក់ក្តៅ និងមានជំនឿទុកចិត្ត។


លោកនាយកប្រតិបត្តិ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដោយមើលឃើញអំពីឱកាសវិនិយោគដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ លោកនឹងកៀងគរអ្នកវិនិយោគជាដៃគូរបស់ក្រុមហ៊ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ 


ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ លោកនាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការងារធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕










Post a Comment

Previous Post Next Post

Kdaily-news ads