Top News

ទាហានស័ក្តិ៤ ឈ្មោះ តាំង សឿន ម្ចាស់ស្ថានីយ៍ប្រេងសាវីម៉ិច នៅសង្កាត់ក្រាំងធ្នង់ និងបក្ខពួកជិះឡានដេញបុកយុវជន៣នាក់និងវ៉ៃចាប់ចង ។ ក្រោយសួរនាំ លោកសឿនថាជាការយល់ច្រឡំ ។ ឥឡូវ សមត្ថកិច្ចកំពុងចាត់ការ

ភ្នំពេញ៖ ក្រុមយុវជនរងគ្រោះចំនួន​ ៣នាក់​ ដែលសុទ្ធតែជា​អនីតិជន​ បានស្នើសុំកិច្ចអន្ដរាគមន៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការ​ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ខណៈ​បុគ្គល​ម្នាក់ឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ ដែលជាថៅកែប្រេងឥន្ធនៈសាវីមិច​ មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជនដែលជិះគ្នា៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។


បន្ទាប់ពីចាប់ចង និងព្រួតវាយរួច ថៅកែប្រេងឥន្ធនៈឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួកបានចាប់យុវជន៣នាក់នេះ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ចថា ជាករណីយល់ច្រឡំ។

បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។

ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចហើយនោះ បុគ្គលឈ្មោះ តាំង សឿន បានបង្ខំឲ្យយុវជនទាំង៣នាក់ ដែលសុទ្ធតែជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿង មិនប្ដឹងផ្ដល់ជាមួយគេទៅវិញ ដោយមិនបានប្រាប់ទៅឪពុកម្តាយរបស់ពួកគេ។ ប៉ុន្តែដោយសារដឹងពីអំពើហិង្សាទាំងកម្រោល មិនខ្លាចច្បាប់ទម្លាប់បែបនេះ​ឪពុកម្តាយរបស់ក្មេងប្រុសទាំង៣នាក់ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល សង្កាត់ក្រាំងធ្នង់ ប៉ុន្តែមិនទាន់មានចំណាត់ការនោះឡើយ។

យោងតាម​ពាក្យបណ្តឹងដែលទេីបទទួលបាននៅថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមយុវជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ពួកគេទាំង៣នាក់បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីទៅទិញបាយឆាហូប។ លុះពេលទៅលើមុខស្ថានីយប្រេងឥន្ធនៈសាវីមិចរបស់ជនបង្កឈ្មោះ តាំង សឿន ស្រាប់តែបុគ្គលនេះ និងបក្ខពួកជិះរថយន្ដ ម៉ូតូ ដេញបុកពួកគេទាំងកម្រោលតែម្ដង ដោយគ្មានហេតុ។

នៅពេលដេញបុក (មានវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព) ម៉ូតូរបស់ពួកគេបានដួល ហើយក្នុងចំណោម៣នាក់ មានម្នាក់រត់ឲ្យអ្នកភូមិជួយ និង២នាក់ទៀត ត្រូវក្រុមជនបង្កចាប់បាន រួចចងដៃ ដកទូរស័ព្ទ និងព្រួតវាយយ៉ាងដំណំ។ ប៉ុន្តែជនរងគ្រោះដែលរត់រួច ក៏ត្រូវក្រុមបង្កតាមទៅចាប់យកមកដល់ស្ថានីយ៍ប្រេង និងបានប្រើហិង្សាផងដែរ។ ក្រោយនាំមកដល់កន្លែងរបស់ខ្លួន ក្រុមជនបង្ក បានប្រគល់ពួកគេទៅឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសួរនាំ។ នៅពេលសមត្ថកិច្ចសួរនាំជនបង្កឈ្មោះ តាំង សឿន បានអះអាងថា ពួកគេវាយជនរងគ្រោះច្រឡំ និងបង្គាប់ឲ្យធ្វើកិច្ចសន្យាមិនប្ដឹងផ្ដល់ទៅវិញ។

ដោយសាររងនូវភាពអយុត្តិធម៌ពីការប្រើប្រាស់អំពើហិង្សាដែលបង្កដោយបុគ្គលឈ្មោះ តាំង សឿន ដែលសង្ស័យថាមានតួនាទីជាមន្ដ្រីយោធានដែរនោះ ក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៣នាក់ បាននាំពួកគេទៅដាក់ពាក្យ បណ្ដឹងវិញ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីឲ្យជួយអន្ដរាគមន៍កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

នៅពេលទៅដាក់ពាក្យបណ្ដឹងរួច នគរបាលប៉ុស្ដិ៍បានកោះហៅភាគីក្រុមជនបង្កដែលជាម្ចាស់ប្រេងឥន្ធនៈសាវីមិច ប៉ុន្ដែគេមិនចូលខ្លួនភ្លាមៗឡើយបើទោះបីបទល្មើសជាក់ស្ដែងយ៉ាងណាក្ដី ហើយភាគីជនបង្កបានប្រាប់សមត្ថកិច្ចថា នឹងចូលខ្លួនមកបំភ្លឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤សប្ដាហ៍ក្រោយ។

ទាក់ទិនករណីនេះ ជនរងគ្រោះដែលជាអនីតិជនទាំង៣នាក់ និងក្រុមគ្រួសារ បានស្នើសុំកិច្ចអន្ដរាគមន៍ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ចំពោះក្រុមជនបង្ក ដែលចាប់ចង និងព្រួយវាយទៅលើជនរងគ្រោះទាំងកម្រោលដោយគ្មានហេតុផលបែបនេះ ហាក់បីដូចជាសង្គមគ្មានច្បាប់ទម្លាប់អីចឹង។ 

បេីតាមការ​បញ្ជាក់ពី​ពី​លោកវរសេនីយ៍ឯក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​នគរបាលខណ្ឌ​សែនសុខ​ បានប្រាប់អង្គភាព​ការសែតនគរវត្ត​ និង​គេហទំព័រ​នគរដ្រេហ្គន​នៅរសៀលថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ កន្លងទៅ​លោកធ្លាប់បាន​ទទួល​សេចក្ដី​រាយការណ៍​របស់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ក្រាំងធ្នង់ ថា៖​ មានករណីម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ យល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ​ និងបាននាំខ្លួនយុវជនទាំង៣នាក់នេះ​យកមកសាកសួរ​នៅប៉ុស្ដិ៍នគរបាលមូលដ្ឋាន​ ប៉ុន្តែ​ដោយសារ​តែក្រុម​យុវជន​ទាំង​នោះ​មិនចង់មានរឿង​វែងឆ្ងាយ​ក៏បាន​សម្របសម្រួល​ជាមួយ​បញ្ចប់​រឿង​ ហេីយក៏បានត្រលប់ទៅផ្ទះរៀងៗខ្លួនទៅ។ 

លោកវរសេនីយ៍ឯក​ ហួរ​ ម៉េង​វ៉ាង​ បានបន្ថែមទៀតថា​ ប៉ុន្តែ​ក្រោយ​អាណាព្យាបាល​របស់​យុវជន​រងគ្រោះ​បានដឹងរឿងនេះ​ ក៏បានមកដាក់ពាក្យបណ្ដឹង​នៅអធិការដ្ឋាននគរបាលខណ្ឌ​សែនសុខ​ នៅថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ដេីម្បី​រក​យុត្តិធម៌​ជូនកូនៗរបសពួកគេ។

លោក​អធិការ​ បានគូសបញ្ជាក់ថា​ ជុំវិញករណីនេះដែរ​ នៅថ្ងៃទី​២១​ ខែកញ្ញា​នេះ​ ឬក៏ថ្ងៃស្អែក​ លោក​បានបញ្ជាឱ្យ​លោកប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ក្រាំង​ធ្នង់​ ឱ្យកោះហៅ​ភាគី​ទាំងសងខាង​ ចូលមកសាកសួរ​ទៅតាម​នីតិវិធី​ច្បាប់​។ ជាមួយគ្នានេះ​ លោកក៏បាន​អរគុណ​ចំពោះ​អ្នកសារព័ត៌មាន​ដែល​បានធ្វេី​ការ​សាកសួរលោក​ប្រកបដោយ​វិជ្ជា​ជីវៈ​ផងដែរ៕








Post a Comment

Previous Post Next Post

Kdaily-news ads