ភ្នំពេញ ៖ ក្បាលរថយន្ត សម្រាប់សណ្ដោងកន្ទុយរ៉ឺម៉ក ដឹកទូកុងតឺន័រ ១គ្រឿង មិនដឹងជាប្រញាប់ទៅណាទេ បានបើកលឿនដូចហោះ ហើយវាក់ជាមួយម៉ូតូកង់បី ១គ្រឿង ដែលកំពុងបើកស្របគ្នា នៅខាងមុខ ។ ខណៈនោះ អ្នកបើកបរបានកាច់ចង្កូតគេចចេញ ទាំងពុំមានការបន្ថយល្បឿនឡើយ បណ្ដាលឲ្យរេចង្កូតបុកម៉ូតូសិស្សស្រីម្នាក់ និងកីឡាករប្រដាល់ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ម្នាក់រងរបួសធ្ងន់ ។ បន្ទាប់មក រថយន្តបង្ក បានបន្តទៅបុកបង្គោលភ្លើង ១ដើម រលើងគល់ រួចជ្រុលទៅបុកចូលកន្លងលក់មាន់បង្វិលមួយកន្លែង រងការខូចខាតបែកកញ្ចក់ទូ ទើបឈប់ស្ងៀម ហើយអ្នកបើកបររត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្បាលរថយន្តសម្រាប់សណ្ដោងកន្ទុយរ៉ឺម៉កដឹកទូកុងតឺន័រនោះ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-6490 បើកបរដោយបុរសម្នាក់ ហើយពុំដឹងថាស្រវឹងស្រា ឬ បែបណានោះទេ និងបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ជនរងគ្រោះ ទី១. ឈ្មោះហាន ដាណែត ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស ហើយមិនបានដឹងថា នាងស្នាក់នៅកន្លែងណានោះទេ ។ នាងជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង1O-5008 ។ និងទី២. ឈ្មោះផាន់ ខាំតៃ ជាសិស្សរបស់លោកគ្រូពេជ្រ សុផាន់ ស្នាក់នៅក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។
អ្នកភូមិខាងលើ បានប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញក្បាលរថយន្តសម្រាប់សណ្ដោងកន្ទុយរ៉ឺម៉ក ដឹកទូកុងតឺន័រ ១គ្រឿងនោះ មិនដឹងជាប្រញាប់ទៅណា ឬអ្នកបើកបរស្រវឹងស្រានោះទេ បើកបរក្នុងទិសដៅពីកើតទៅលិចលឿនដូចហោះ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយម៉ូតូកង់បី១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នានៅខាងមុខ ខណៈនោះអត់ឃើញរថយន្តនេះបន្ថយល្បឿនសោះ ហើយបានគេចចេញពីម៉ូតូកង់បីទៅខាងឆ្វេងដៃទាំងល្បឿនកំពុងលឿនយ៉ាងប្រថុចញ៉ុចបំផុត ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តថា ពេលនោះក៏បានរេចង្កូត ជ្រុលទៅបុករះសិស្សស្រីកំពុងជិះមូតូ បណ្ដាលដួលច្រងាប់ច្រងិលរងរបួសធ្ងន់ រួចបន្តទៅបុកកីឡាប្រដាល់ ផាន់ ខាំតៃ ដែលជាកូនសិស្សលោកគ្រូពេជ្រ សុផាន់ កំពុងកំពុងរត់ហ្វឹកហាត់នៅតាមផ្លូវទាំងកម្រោលរងរបួសធ្ងន់ម្នាក់ទៀត ។
ក្រោយបុករះជាបន្តបន្ទាប់ប៉ុណ្ណឹងហើយ រថយន្តនោះពុំទាន់អស់ល្បឿន ឬជាន់ហ្វ្រាំងឈប់ឡើយ ក៏បានជ្រុលទៅបុកបង្គោលភ្លើងដែក១ដើមបាក់រលើងគល់ ។ រួចទើបបន្តទៅបុកចូលកន្លែងលក់មាន់បង្វិលមួយកន្លែង បង្កការខូចខាតបែកកញ្ចក់ទូទើបឈប់ស្ងៀម ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់មកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ នាំយករថយន្តបង្កទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
Post a Comment