ភ្នំពេញ ៖ ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពដេញតាមធាក់ផ្ដួលរួចកាប់ទៅលើបុរស២នាក់បងប្អូនបង្កើត បណ្ដាលឲ្យរងរបួសប្លន់យកម៉ូតូ១គ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។ ក្រោយមក ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ចាម សហការណ៍ជាមួយនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន៧នាក់ ក្នុងចំណោមនោះ មានជនសង្ស័យប្រុសម្នាក់ និងស្រីម្នាក់ ដែលជាសង្សារនឹងគ្នាភ័យពេលនគរបាលដេញ ក៏ជិះម៉ូតូទាល់តែផុតផ្លូវធ្លាក់ប្រឡាយទឹក ហើយស្ត្រីត្រូវឃាត់ខ្លួនភ្លាមៗ ចំណែកសង្សារបានរត់ទៅពួនក្នុងដីឡូត៌មួយ ហើយមួយសន្ទុះក្រោយមកនគរបាលរុករកឃើញ និងឃាត់បាន ។
សកម្មភាពប្លន់កាប់ម៉ូតូខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយអត់ដឹងថា ចំណុចកើតហេតុនោះស្ថិតនៅក្នុងភូមិ ឃុំនិងស្រុកអ្វីនោះទេ គ្រាន់តែដឹងថា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
ក្រុមជនសង្ស័យមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ពួកគេត្រូវបាននគរបាលធ្វើការស្រាវជ្រាវភ្លាមៗ ហើយនៅវេលាព្រឹកថ្ងៃដដែលនោះ ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៧នាក់។ ដោយក្នុងនោះជនសង្ស័យ២នាក់ឃាត់បាននៅឯខេត្តកំពង់ចាម និង៥នាក់ទៀត ក្នុងនោះមានស្រីម្នាក់ផង ឃាត់បាននៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព្រមទាំងដកហូតបានម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1KY-1236 ។
ដោយឡែកបុរសរងគ្រោះ២នាក់បងប្អូនបង្កើតនិងគ្នា ហើយមានមុខរបរជាកម្មកររោងចក្រ បានរងរបួសទាំង២នាក់តែម្ដង ក្នុងនោះបងប្រុសឈ្មោះយឺត ចាង អាយុ៣៤ឆ្នាំ និងប្អូនប្រុសឈ្មោះយឺត សំណាង អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកឈ្នួល ខេត្តក្រចេះ ។
បើតាមបុរសជាបងរងរបួសដៃនិងមាត់ធ្ងន់ ប៉ុន្តែអាចនិយាយបានខ្លះៗ គាត់បានប្រាប់ពីដំណើររឿងដោយខ្លីថា នៅមុនពេលកើតហេតុគាត់និងប្អូនប្រុសបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២៣ ពណ៍ខ្មៅ ពាក់ស្លាកលេខក្រចេះ1G-3623 ។ ឌុបគ្នាចេញពីធ្វើការឆ្ពោះទៅផ្ទះនៅខេត្តក្រចេះ ប៉ុន្តែមិនបានប្រាប់ថារោងចក្រដែលគាត់ធ្វើការនោះស្ថិតនៅម្ដុំណានោះទេ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុស្ថិតនៅតាមផ្លូវលំមួយកន្លែង ដែលគាត់អត់ស្គាល់ថានៅក្នុងភូមិ ឃុំ ស្រុកអ្វីទេគ្រាន់តែដឹងថាក្នុងខេត្តកំពង់ចាម ។ ក៏ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងដេញតាមធាក់ពីក្រោយ បណ្ដាលឲ្យគាត់និងប្អូនដួល រួចជនសង្ស័យកាប់ប្លន់យកម៉ូតូជិះគេចខ្លួនបាត់អស់តែម្ដង ក្រោយមកគាត់និងប្អូនបាន ប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ ។
ទាន់ទិនទៅនិងអំពើប្លន់នេះដែរ ពុំទាន់ត្រូវបាននគរបាលខេត្តកំពង់ចាម ប្រាប់ឲ្យបានដឹងលម្អិតនៅឡើយទេ ដោយគ្រាន់តែប្រាប់ដោយខ្លីថា ពិតជាមានករណីកាប់ប្លន់នេះមែន ហើយក្រោយពេលទទួលបណ្ដឹងជនរងគ្រោះរួច កម្លាំងក៏ធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។ បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះ ក៏បានចុះសហការណ៍ជាមួយនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្តឃាត់ខ្លួនជនសង្ស័យ៥នាក់ទៀតជាបន្តបន្ទាប់ រួចបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តកំពង់ចាមចាត់ការតាមច្បាប់ ៕
Post a Comment