(តាកែវ)៖ សមត្ថកិច្ចនគរបាលស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនម្ចាស់គ្លីនិក(ស៊ុន ម៉ារីណា)ដែលមានទីតាំង នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ក្រោយព្យាបាល និងចាក់ថ្នាំស្ដ្រីជាអ្នកជំងឺម្នាក់ បណ្ដាលឱ្យប្រតិកម្មស្លាប់ រួចដឹកសាកសពនាង រួមនិងក្មួយស្រីអាយុ៣ឆ្នាំ ទៅផ្លុងចោលត្រង់ចំណុចចិញ្ចើមផ្លូវ១កន្លែង ក្នុងភូមិម្រះព្រៅកេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងបង្កការភ្ញាក់ផ្អើល កាលពីព្រឹកទី១៩.១១.២០២៤។
-នេះបើយោងតាមការបញ្ជាក់ ពីលោក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី ដែលបានថ្លែងប្រាប់(ព័ត៌មានរាល់ថ្ងៃ)នៅរសៀលទីទី១៩.១១.២០២៤។
ស្ដ្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ(ស្លាប់)។
រីឯកុមារីរងគ្រោះ អាយុ៣ឆ្នាំត្រូវជាក្មួយរបស់ស្ដ្រីរងគ្រោះ។
បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ដើមចមដំបូងឈ្មោះ ណាំ ចន្ធូ បានចូលពិគ្រោះជំងឺ នៅគ្លីនិក(ស៊ុន ម៉ារីណា)ត្រង់ចំណុចខាងលើ..!។
ក្នុងនោះគ្រូពេទ្យ ក៏បានពិនិត្យវិនិច្ឆ័យរោគ រួចចាក់ថ្នាំ.ស្រាប់តែអ្នកជំងឺឈ្មោះ ណាំ ចន្ធូ ប្រតិកម្មធ្វើទុក្ខខ្លាំង រហូតដាច់ខ្យល់ស្លាប់តែម្ដង។
ឃើញបែបនេះ ម្ចាស់គ្លីនិក ហាក់ភ័យស្លន់ស្លោ និងបានយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោល ដោយថែមទាំងដឹកសាកសពរងគ្រោះ រួមនិងក្មេងស្រីរបស់ជនរងគ្រោះ មកផ្លុងចោល ត្រង់ចំណុចខាងលើទៀតផង។
មិនតែប៉ុណ្ណោះ ក្មេងស្រីរងគ្រោះ ហាក់បាត់បង់ស្មារតី សង្ស័យត្រូវថ្នាំសណ្ដំឱ្យវង្វេង.ទាំងដែលរូបនាង ត្រូវគេផ្លុងចោល ឱ្យដេកជាមួយសាកសពម្ដាយធំរយៈពេល១យប់ហើយនោះ…!។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបាទី កំពុងសាកសួរម្ចាស់គ្លីនិក(ស៊ុន ម៉ារីណា)ដើម្បីចាត់ការតាមច្បាប់៕
Post a Comment