Top News

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដែលសកម្មស្ទាក់​ប្លន់ម៉ូតូពលរដ្ឋតាមផ្លូវ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

 

image

កំពង់ស្ពឺ៖ សកម្មភាពស្ទាក់ប្លន់នៅតាមដងផ្លូវនៅក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងបង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរម្នាក់ឯង ឬមានគ្នាតិច ពិសេសនៅពេលយប់។ ដើម្បីបង្ការនិងទប់ស្កាត់ករណីនេះ កម្លាំងនគរបាលស្រុកបសេដ្ឋ បានប្រើពេលវេលា ៧២ម៉ោង ស៊ើបអង្កេត និងឈានដល់ឃាត់ខ្លួនជនសង្ស័យលើករណីនេះចំនួន ៤នាក់ បញ្ជូនទៅតុលាការ។ 

លោកវរសេនីយ៍ឯក ចន សុភិត អធិការ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល ៧២ម៉ោង វែកមុខជនដៃដល់ក្នុងបទល្មើសស្ទាក់វាយប្លន់យកម៉ូតូពីជនរងគ្រោះ ឈ្មោះ ហៀង ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២៣:៥០នាទី ដោយធាក់ផ្តួលយកម៉ូតូនៅចំ​ណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 

លោកវរសេនីយ៍ឯក​ ចន​ សុភីត​ បានបន្តថា ដោយបានកិច្ចសហការពី​កម្លាំងនគរបាល​ជំនាញ​ស្រុកជាប់ព្រំប្រទល់​ កម្លាំងបានឃាត់មុខសញ្ញា​ជនស​ង្ស័យចំនួន ៤នាក់ រួមនឹងវត្ថុតាងម៉ូតូ ២គ្រឿង បញ្ជូនទៅតុលាការ។ 

ជនសង្ស័យទាំង៤នាក់ ដែលបានឃាត់ខ្លួន ឈ្មោះ គិន ចាន់ណាប់ ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ វ៉ាន់ ប៊ុនធា ហៅធឿន ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំង២នាក់ រស់នៅភូមិត្រពាំងផុងថ្មី ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាជនដៃដល់)។ ក្រៅពីនេះ ឈ្មោះ គឹម ដែន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងឈ្មោះ រុិន ចាន់ធូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 

លោកអធិការ បានបញ្ជាក់ថា ដោយមានការឯកភាពពីតំណាងអយ្យការ​ សមត្ថកិច្ច​​បានធ្វេីការ​ប្រគល់ម៉ូតូ​ជូនជនរងគ្រោះ ដេីម្បីយកទៅប្រេីប្រា​ស់វិញ​ រីឯ​មុខសញ្ញា​បក្ខពួក​ចោរ​ សមត្ថកិច្ច​បានកសាងសំ​ណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរួចហើយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥៕










Post a Comment

Previous Post Next Post

Kdaily-news ads