Top News

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំអ្នកព័ត៌មានថា នៅពេលរាយការណ៍អំពីកុមារ ត្រូវចេះគិតថាកាលបើផ្សាយរឿងនោះទៅ តើវានឹងប៉ះពាល់អ្វីខ្លះដល់ប្អូន កូនប្រុស កូនស្រី ក្មួយស្រី ឬក្មួយប្រុសរបស់យើង..



ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា តួនាទីរបស់អ្នកសារព័ត៌មានមានសារៈសំខាន់ ការទទួលខុសត្រូវខ្ពស់ ជាអ្នកផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៖ ព័ត៌មាន ពុទ្ធិ ការអប់រំ។ 

មានប្រសាសន៍ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី "ការរក្សាសុវត្ថិភាពកុមារ យុវជន និងស្ត្រីវ័យជំទង់ក្នុងវិស័យសារព័ត៌មាន", លោកបន្ថែមថា អ្នកសារព័ត៌មានដែលមានទំនួលខុសត្រូវ និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ចូលរួមលើកកម្ពស់ ការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ អនាគតរបស់កុមារ យុវវ័យ។ អ្នកសារព័ត៌មានតែម្នាក់មិនទាន់គ្រប់គ្រាន់ ដើម្បីអាចធានាបាន នូវក្រមសីលធម៌សារព័ត៌មាន សម្រាប់កុមារ យុវវ័យទេ គឺត្រូវមានតួនាគីផ្សេងទៀតដែរ ដូចជាអ្នកកែសម្រួលអត្ថបទ/ ការីនិពន្ធ ដែលជាអ្នកត្រួតពិនិត្យ កែសម្រួលចំណងជើង រូបភាព សម្រួចខ្លឹមសារនៃព័ត៌មានដែលត្រូវផ្សាយមុនផ្សាយ។ 

លោកអ្នកនាំពាក្យ បានណែនាំថា នៅពេលអ្នកសារព័ត៌មានរាយការណ៍អំពីកុមារ ត្រូវចេះគិតថាកាលបើផ្សាយរឿងនោះទៅ តើវា នឹងប៉ះពាល់អ្វីខ្លះដល់ប្អូន កូនប្រុស កូនស្រី ក្មួយស្រី ឬក្មួយប្រុសរបស់យើង ឬគិតមើលថាប្រសិនបើតួអង្គ នៅក្នុងព្រឹត្តិការណ៍នោះ គឺជាសាច់ញាតិ កូន ក្មួយប្រុសស្រី របស់យើង តើអ្នកមានអារម្មណ៍ឈឺចាប់យ៉ាងណា ហើយតើការផ្សាយដែលគ្មានក្រមសីលធម៌ វានឹងបង្កផលវិបាកក្នុងពេលខ្លី និងវែងមកលើកុមារយ៉ាងណាខ្លះ។ 

លោកបានផ្តល់ឧទាហរណ៍ថា ឃាតកម្ម ការស្លាប់ និងសាកសព របួសរាងកាយ (ឈាម) បាត់បង់អវយវៈ ខូចទ្រង់ទ្រាយ អំពើហិង្សា ពាក្យពេចន៍ឬរូបភាពអាសអាភាស, ការរៀបរាប់ពីរបៀបធ្វើអត្តឃាត របៀបនៃបទល្មើស អំពើប្លន់សម្លាប់ដោយមិនមានបិទបាំង ឬព្រិលរូបជាដើម។ 

លោកអនុរដ្ឋលេខាធិការ ចាត់ទុកសារព័ត៌មានប្រកបដោយក្រមសីលធម៌ ចូលរួមធានាសុខុមាលភាពរបស់កុមារ និងជួយការពារ កុមារពីការរងផលប៉ះពាល់នានាជាយថាហេតុ។ ការប្រកាន់ខ្ជាប់នូវនិយាមវិជ្ជាជីវៈនិងក្រមសីលធម៌ ជាគោលការណ៍គ្រឹះ និងជាទំនួលខុសត្រូវរបស់អ្នកសារព័ត៌មានគ្រប់រូប។ 

ជាមួយគ្នានោះ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងតំណាងបណ្តាញទំនាក់ទំនង បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងរួមមួយ គឺពង្រឹងសមត្ថភាពរួមគ្នា ដើម្បីរាយការណ៍ប្រកបដោយក្រម សីលធម៌ និងការទទួលខុសត្រូវ លើគ្រប់បញ្ហាដែលទាក់ទងនឹងកុមារ និងយុវជន ជាពិសេសក្មេងស្រី និងស្ត្រីវ័យក្មេង ខណៈរក្សាបាននូវស្តង់ដារគាំពារខ្ពស់បំផុត។ 

លោកបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹង និងការយល់ឃើញរបស់សាធារណៈជន ហើយនេះជាការទទួលខុសត្រូវដ៏ធំ។ នៅពេលរាយការណ៍អំពីកុមារ យុវជន និងបុគ្គលដែលងាយរងគ្រោះ យើងត្រូវធានាថាសុវត្ថិភាព៕






Post a Comment

Previous Post Next Post

Kdaily-news ads