Top News

ប្រជាពលរដ្ឋរស់នៅឆ្ងាយពីតំបន់ទីប្រជុំជន ភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ទទួលបានការពិនិត្យ ព្យាបាលជំងឺ ឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី




មណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅឆ្ងាយពីតំបន់ទីប្រជុំជន ដែលភាគច្រើន ជាបងប្អូនជនជាតិដើមភាគតិច បានទទួលការពិនិត្យ ព្យាបាលជំងឺ ឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងមណ្ឌលថែទាំសុខភាពកុមារចេនឡា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក មណ្ឌលសុខភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍លើ វិស័យសុខាភិបាល និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា អនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ជូនដល់បងប្អូនប្រជាពលរដ្ឋ។ លោកស្រី បន្តថា ក្រៅពីវិស័យផ្សេងៗ ដែលបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្ត វិស័យសុខាភិបាលជាវិស័យមួយ ដែលកំពុងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋយ៉ាងសកម្ម ចាប់ពីតំបន់ប្រជុំជនរហូតដល់តំបន់ជនបទដាច់ស្រយាល ជាលទ្ធផលឆ្លុះបញ្ចាំងឱ្យឃើញថា ការវិវត្តន៍ជាជំហ៊ាន នៃវឌ្ឍនភាពឈរលើប្រតិបត្តិការ យ៉ាងសកម្មនៃវិស័យសុខាភិបាល ក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋ ដែលនាំមកនូវសូចនករសុខភាពជាច្រើន ត្រូវបានកែលម្អ ពិសេស អត្រាមរណៈភាព មាតា ទារក និងកុមារ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ លោកស្រី បន្តថា ហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តវិស័យសុខាភិបាល ត្រូវបានកែលម្អពង្រីក និងលើកកម្ពស់ជាប្រចាំ លើការផ្តល់សេវាសុខាភិបាលនៅតាម ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលរួមមាន សេវាសម្ភព សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក-កុមារ ក៏ដូចជាសេវាអន្តរាគម៍សុខភាព សាធារណៈ ផ្សេងៗទៀត កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវបានរុញឱ្យកាន់តែខិតជិតដល់មូលដ្ឋាន ជាពិសេស ការបំពេញនូវសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតាមជនបទ វឌ្ឍនភាពនៃការពង្រីកមូលដ្ឋានសុខាភិបាល និងសេវាគ្របដណ្តប់សុខភាពផ្សេងទៀត គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ ព្រមជាមួយ និងការកើនឡើងនៃអាយុកាលរំពឹងទុករបស់ប្រជាពលរដ្ឋយើង ។ 


លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានការគិតគូរ យកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដឹកនាំខេត្ត ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងមណ្ឌលថែទាំសុខភាពកុមារចេនឡា បានចុះពិនិត្យសុខភាព និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ។ លោក បន្តថា សកម្មភាពរបស់ក្រុមគ្រូពេទ្យដែលបានចុះផ្ទាល់រយៈពេលពេញមួយថ្ងៃ ដោយពិនិត្យសុខភាពទូទៅដូចជា ពិនិត្យផ្ទៃពោះ ពិនិត្យភ្នែក ពិនិត្យសុខភាព មាត់-ធ្មេញ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់វ័យទាំងអស់៕








Post a Comment

Previous Post Next Post

Kdaily-news ads