Top News

ប្រជាពលរដ្ឋរស់នៅឃុំចុងផ្លាស់នៃស្រុកកែវសីមាជិត១ពាន់នាក់ បានប្រម៉ូលផ្តុំគ្នាធ្វើការស្នើសុំកិច្ចអន្តរាគមន៍ ពីសម្តេចសម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ជុំវិញបញ្ហាកង្វះ​ជីវភាព​ប្រចាំថ្ងៃ ដែលពួកគាត់បានជួបប្រទះក្រោយមានការហាមឃាត់មិនឲ្យពួកគាត់ធ្វើរបររ៉ែងដីរ៉ែ មាសចាស់ៗសេសសល់តាំងពីជំនាន់ឆ្នាំ​៨០ផ្លាយ និងដីរ៉ែដែលសល់ពីសហគមន៍រ៉ែមាសចាស់ជាច្រើនឆ្នាំមកនោះ.!



(ខេត្តមណ្ឌលគិរី )៖ នៅមុខបរិវេណនៃសាលាឃុំចុងផ្លាស់ នៃស្រុកកែវសីមា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រីប្រមាណជិតមួយពាន់នាក់ បានជួបជុំគ្នា ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៏ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជុំវិញបញ្ហាកង្វះ​នៅជីវភាព​ប្រចាំថ្ងៃ ដែលពួកគាត់បានជួបប្រទះក្រោយមានការហាមឃាត់ មិនឲ្យពួកគាត់ធ្វើរបររ៉ែងកាកសំណល់ដីរ៉ែមាសចាស់ៗដែលសេសសល់តាំងពីជំនាន់ឆ្នាំ​៨០ផ្លាយ និងដីសល់ពីសហគមន៍រ៉ែមាសចាស់ជាច្រើនឆ្នាំមកនោះ។

 

លោក ស៊ុន គីមស៊្រាន តំណាងប្រជាពលរដ្ឋរស់នៅភូមិពូទុង បាននិយាយថា គាត់បានទៅរស់នៅតំបន់ចុងផ្លាស់នេះជិត៣០ឆ្នាំមកហើយ ចំណែកការប្រកប​របរចិញ្ចឹមជីវិតរបស់ពួកគាត់គឺអាស្រ័យលើការរករ៉ែមាសបន្តិចបន្តួចតាមគំនរដីដែលគេបោះ​បង់ចោលតាំងពីអំឡុងដើម​ឆ្នាំ១៩៩០មកម៉្លេះ។ហើយគំនរដីខ្លះគឺជាសំណល់សល់ពីក្រុមសហគមន៍រ៉ែមាសចុងផ្លាស់ទុកចោល ក្រោយសហគមន៍នេះត្រូវបានរំលា​យកាល​ពីអំឡុងឆ្នាំ​២០១៦-២០១៧ ដោយដី កន្លែងដែលពួកគាត់រស់នៅ មិនអាចប្រកបរបរកសិកម្មបានទេ ព្រោះតំបន់នេះភាគច្រើនជាដីមានថ្មដា  ម៉្យាងទៀតពួកគាត់ក៏គ្មានលិទ្ឋភាពចាកចេញទៅ​រកស៊ីអ្វីនៅភូមិស្រុកដទៃទៀតបានដែរ  ទើបពួកគាត់សម្រេចចិត្តនាំគ្នាកាប់គាស់រ៉ែងដីសំណល់រ៉ែ ចាស់ទាំងនោះដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារ ។ 

 

លោក ស៊ុន គីមស៊្រាន បានបន្តថា ដើម្បីបានអង្កច្រកឆ្នាំងអ្នកភូមិបាននាំគ្នាកាប់ដីរ៉ែងរករ៉ែមាសបានបន្តិចបន្តួច ដ្បិតដីសំណល់នេះត្រូវបាន​គេកែច្នៃរួចម្តងទៅហើយ តែជាអកុសល់ការខិតខំរកកម្រៃរបស់ពួកគាត់សម្រាប់ចិញ្ចឹមគ្រួសារ គឺត្រូវបានបង្ក្រាបជាបន្តបន្ទាប់ពីមន្ត្រីជំនាញ​ពាក់​ពា័ន្ឋ ហើយអ្នកភូមិខ្លះត្រូវបានមន្ទីរបរិស្ថានខេត្តឃាត់ខ្លួនបញ្ជូនទៅតុលាការទៀតផងគ្រាកន្លងមក។ លោកបានសម្តែងនៅពាក្យពេជ្របន្តថា បើនៅតែបែបនេះតើពួកគាត់រំពឹងអ្វី?ព្រោះជុំវិញ ភូមិឋានដែលពួកគាត់រស់នៅនេះ សុទ្ឋតែដីអភិរក្សសត្វព្រៃនិងដីក្រុមហ៊ុនរ៉ែមាសធំៗ តើអាចអនុញ្ញាត្តឲ្យពួកគាត់សុំតែរស់នៅអាចធ្វើរបរលក្ខណៈគ្រួសារបានទេ? ។ 

 

លោកតា អ៊ុត សំ ព្រឹទ្ឋាចារ្យរស់នៅឃុំចុងផ្លាស់តាំងពីជំនាន់បែកសម័យប៉ុលពត មានប្រសាសន៍ថា អ្នកភូមិរស់នៅទីនេះស្ទើរ១០០%​ហើយ​ដែលបានអាស្រ័យជីវិតជាមួយរបររ៉ែងរកមាស ។លោកតាអះអាងថា ការជួបជុំគ្នាលើកនេះពួកគាត់គ្មានបំណងណាមួយបង្កបាតុភាពដល់ សង្គមឬការឈឺក្បាលដល់អាជ្ញាធរឡើយ ពួកគាត់គ្រាន់តែចង់បានការអនុញ្ញាតពីក្រសួងជំនាញរ៉ែ និងថាមពល និងការសណ្តោសប្រណីពី​សម្តេច បរវធិបតី ជាប្រមុខថ្នាក់​ដឹកនាំ ជួយឲ្យអ្នកភូមិមានលទ្ធភាពធ្វើរបរចិញ្ចឹមជីវិតដូចសព្វមួយដង ។បើនៅតែបែបនេះអ្នកភូមិអាចនិងដាច់​ពោះស្លា​ប់​។ 

ក្នុងការជួបជុំគ្នាខាងលើនេះ អ្នកភូមិដែលតំណាងឲ្យប្រជាពលរដ្ឋ ប្រមាណជិតមួយពាន់គ្រួសារ បានសង្ឃឹមយ៉ាងមុតមាំដល់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនទុកឲ្យប្រជាជនណាម្នាក់រងគ្រោះប៉ះពាល់ជីវភាពគ្រួសារ ចាកឆ្ងាយភូមិស្រុករបស់ខ្លួន ដែលធ្លាប់រស់នៅជួបជុំសាច់ញាតិ ជាពិសេសការចំណាកស្រុកនោះឡើយ៕










Post a Comment

Previous Post Next Post

Kdaily-news ads