Top News

ខ្សឹប..ខ្សឹបដាក់មេក្រូ ពីខេត្តមណ្ឌលគីរី…មានគេប្រុងមូរដែនជម្រកសត្វព្រៃភ្នំណាមលៀដាក់ហោប៉ៅ



 ខ្សឹប..ខ្សឹបដាក់មេក្រូ ពីខេត្តមណ្ឌលគីរី…មានគេប្រុងមូរដែនជម្រកសត្វព្រៃភ្នំណាមលៀដាក់ហោប៉ៅ..!


មណ្ឌលគិរី៖ ប៉ុន្មានខែចុងក្រោយនេះព័ត៌មានស្ដីពីការកាប់បំផ្លាញព្រៃឈើដឹកទៅលក់នៅស្រុកយួនហាក់ដូចជាស្ងប់ស្ងាត់បន្តិច ព្រោះអស់ព្រៃឈើកាប់ ។ ប៉ុន្តែបែរជាលេចចេញព័ត៌មានគួរឲ្យចង់ខ្យល់ចាប់មួយថា មានមន្ត្រីសាលាខេត្តមណ្ឌលគិរីម្នាក់កំពុងតែធ្វើសកម្មភាពយ៉ាងគគុកគគាក់វ៉ៃប៉ោតវ៉ៃធុងប្រកូកប្រកាសរកអតិថិជនមកទិញដីដែនជម្រកសត្វព្រៃភ្នំណាមលៀ ។


គេថា មន្ត្រីសាលាខេត្តដែលមានប្រវត្តិមិនសូវល្អរូបនោះបានដើរកេះខ្សឹបប្រាប់មនុស្សជាច្រើនទាំងក្នុងខេត្ត និងក្រៅខេត្តថា ដែនជម្រកសត្វព្រៃភ្នំណាមលៀ ហាក់ដូចជាគោដុតនៅលើចង្អើរ ចង់បានសាច់កន្លែងណា ចំណុចណាក៏បានដែរ ហុចតែលុយម៉ោ គ្មានបញ្ហាទេរឿងបរិស្ថាន…រឿងមេព្រៃស្អីនោះ ។

តម្លៃយោគយល់ដំបូងគិតជាលុយសុទ្ធ៦៥០០ដុល្លារក្នុង១ហិកតា , វាមិនថ្លៃទេ ។ ដោយគេបានពន្យល់លម្អិតថា លុយទាំងនោះគេយកទៅបែងចែកជាកញ្ចប់ៗមានធំមានតូចឱ្យអ្នកពាក់ព័ន្ធ ហើយចុងក្រោយបញ្ជូនទៅលើដើម្បីសុំស.ជ.ណកាត់ឆ្វៀល , ចំណែករូបគេសល់ត្រឹមល្អងធូលីតិចតួចគ្រាន់ទប់ឆ្នាំងបាយកុំឲ្យផ្កាប់ក៏បានដែរ ។


ចំពោះគម្រោងនេះគេមិនដឹងថា លោកធំមេៗខេត្តបានជ្រាបដែរ ឬយ៉ាងណានោះទេ ? ព្រោះថា បើផែនការនេះគេអាចសម្រេចបាន ថ្ងៃក្រោយគេប្រាកដជាគេហ៊ានឡៃឡុងសាលាខេត្តជាមិនខាន , ហើយពេលនោះមិនមែនត្រឹមតែខ្យល់ចាប់ទេអាចជាខ្យល់គរប្រកាច់តូងក៏ថាបាន ។

សូមបញ្ជាក់ថា ជម្រកសត្វព្រៃភ្នំណាមលៀ (Phnom Namlear Wildlife Sanctuary) គឺជាតំបន់ការពារដែនជម្រកសត្វព្រៃមួយក្នុងចំណោម៥ក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ។ វាស្ថិតនៅភាគខាងត្បូងឆៀងខាងកើតប្រទេសកម្ពុជា ក្នុងឃុំប៊ូស៊្រា ស្រុកពេជ្រាដា ជាប់ព្រំដែនវៀតណាម ៕





Post a Comment

Previous Post Next Post

Kdaily-news ads