Top News

អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបព្រែកជាង១០ហិចតា នៅឃុំជ្រោយប្រស់ ខណៈអាជ្ញាធរ និងជំនាញកំពុងដោះសារ យករួចខ្លួន

 

អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបព្រែកជាង១០ហិចតា នៅឃុំជ្រោយប្រស់ ខណៈអាជ្ញាធរ និងជំនាញកំពុងដោះសារ យករួចខ្លួន 


កោះកុង ៖ ដីចំណីព្រែក និងព្រៃលិចទឹកប្រមាណជាង១០ហិចតា ត្រង់ចំណុចឃ្លងឃៀន ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង កំពុងត្រូវបានអតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបបំពានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរំភើយ ដោយមិនមានការរំខានពីសំណាក់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ។


បើយោងតាមការលើកឡើងពីពលរដ្ឋបានអោយដឹងថា ទីតាំងខាងលើ ត្រូវបានគេបូបខ្សាច់លុបអស់រយះពេលជាច្រើនខែមកហើយ ដោយពុំឃើញមានអាជ្ញាធរ ឬជំនាញណាមកធ្វើហាមឃាត់នោះទេ ប្រហែលជាពួកគាត់ត្រូវដងត្រូវផ្លែគ្នាអស់ហើយមិនដឹង ? ចំពោះថា មានច្បាប់ឬគ្មានច្បាប់គឺពួកគាត់មិនបានដឹងនោះទេ គ្រាន់តែដឹងថា បើអ្នកតូចតាចគឺពិតជាមិនអាចធ្វើសកម្មភាពបែបនេះបាននោះទេ ព្រោះជាទង្វើផ្ទុយពីផ្លូវច្បាប់ ។


ដោយឡែកកម្មករដែលមើលការខុសត្រូវនៅទីតាំងបូមខ្សាច់ខាងលើ បានរៀបរាប់ប្រាប់ក្រុមការងារយើងថា ពួកគាត់បានដំណើរការបូមខ្សាច់អស់រយះពេលពេលប្រមាណជា៥ខែមកហើយ តែមានឬគ្មានច្បាប់នោះ គឺគាត់ពុំបានដឹងនោះទេ ទាល់តែទៅសួរខាងៗម្ចាស់ដីគេ ទើបដឹង ។


ទាក់ទិនទៅនិងករណីលុបចំណីព្រែក និងព្រៃលិចទឹកខាងលើ ពលរដ្ឋធ្វើការស្នើរសុំយ៉ាងទទួចទៅដល់ជំនាញពាក់ព័ន្ធ ពិសេសលោកជំទាវអភិបាលខឹត្តកោះកុង មេត្តាចាត់តាំងក្រុមការងារចុះមកពិនិត្យ និងទប់ស្កាត់អោយបានទាន់ពេលវេលា ជាសវៀងការជឿទៅតាមការភូតភរពីមន្ទីរថ្នាក់ក្រោម ធ្វើអោយមហាជនមានការភាន់ច្រឡំ និងរិះគន់ទៅដល់ថ្នាក់ខេត្ត ។


ជុំវិញបញ្ហាខាងលើ មេឃុំជ្រោយប្រស់ លោក ពុំ ធឿន បានបញ្ជាក់តាមទូរស័ព្ទថា ខាងឃុំបានធ្វើសំណើរជូនទៅថ្នាក់ស្រុករួចហើយ តែចំពោះការអនុញ្ញាតិឬមិនអនុញ្ញាតិអោយបូមគឺខាងឃុំពុំបានដឹងនោះទេ ហើយខាងអាជ្ញាធរឃុំក៏ពុំមានសិទ្ធិអនុញ្ញាតិអោយដែរ បើចង់ដឹងថា ការបូមខ្សាច់នោះមានឬគ្មានច្បាប់ គួរទៅសួរលោក ទេព វិស្កុល ដែលជាម្ចាស់ដីវិញទៅ ព្រោះផ្ទះគាត់នៅខេត្តស្រាប់ ។


ចំពោះប្រធានមន្ទីររ៉ែ ថាមពល ខេត្តកោះកុង លោក ប៉ិច ស៊ីយ៉ុន បានអោយដឹងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ថា ករណីបូមខ្សាច់នៅចំណុចទីតាំងខាងលើ ខាងលោកពុំបានដឹងនោះទេ ហើយក៏ពុំមានច្បាប់អនុញ្ញាតចេញពីខាងជំនាញនោះដែរ ព្រោះបើមានការសុំច្បាប់ពីភាគីម្ចាស់ទីតាំងទៅថ្នាក់ខេត្តនោះ គឺរដ្ឋបាលខេត្តនិងកោះប្រជុំគណះកម្មការចម្រុះដើម្បីចុះទៅធ្វើការពិនិត្យទីតាំង ថាតើអាចអនុញ្ញាតបានឬមិនបាន តែមកទល់និងពេលនេះគឺពុំទានបានឃើញលិខិតណាមួយមកដល់មន្ទីររ៉ែពាក់ព័ន្ធនិងករណីបូមខ្សាច់នៅចំណុចខាងលើនៅឡើយទេ ហេតុនេះបើមានការបូបខ្សាច់មែន គឺពុំទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ ។


ដោយឡែក លោក ជា សូវី អភិបាលស្រុកកោះកុង ទំនាក់ទំនងនៅពុំទាន់បានការបំភ្លឺនៅឡើយទេ ដោយទូរសព្ទខលចូលពុំមានអ្នកទទួល ។


រីឯ លោក ទេព វិស្កុល ដែលជាម្ចាស់ទីតាំងបូមខ្សាច់ខាងលើ ក៌ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ ដោយលោកពុំព្រមទទួលទូរស័ព្ទ ។


គូសបញ្ជាក់ថា ដីព្រែក ស្ទឹង បឹងបួរ សមុទ្រ ព្រៃកោងកាង ព្រៃលិចទឹក ភ្នំ តំបន់អភិរក្ស ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ គឺត្រូវបានហាមប្រាមមិនអោយបុគ្គលណាម្នាក់ធ្វើការរុករានទន្រ្ទានយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ តែបុគ្គលមានលុយ មានអំណាចមួយក្តាប់តូច នៅតែឆ្លៀតឱកាស  ទន្រ្ទានយកដោយមិនខ្វល់ពីការហាមឃាត់របស់ច្បាប់នោះឡើយ ។









Post a Comment

Previous Post Next Post

Kdaily-news ads