ភ្នំពេញ៖ តាមបទបញ្ជាឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។
រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា។ ករណីនេះបង្កឲ្យមានមនុស្សស្លាប់ ១នាក់
រងរបួសធ្ងន់ ២នាក់ និងរងរបួសស្រាល ៣ស្រាល។
ចំពោះមូលហេតុគ្រោះថ្នាក់គឺ អ្នកបើកបររថយន្ត LEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕
Post a Comment